ព័ត៌មានជាតិ

រថយន្តដឹកគ្រឿងសំណង់ថយក្រោយមិនប្រយ័ត្នបុកជើងតាងរលំសង្កត់ក្មេងប្រុសម្នាក់ស្លាប់

ស្វាយរៀង: ក្មេងប្រុសម្នាក់បានស្លាប់ ខណ:ក្រុមគ្រួសារបញ្ជូនមកដល់មន្ទីរបង្អែកស្រុករមាសហែក បន្ទាប់ពីរថយន្ត HYUNDAI មួយគ្រឿងដឹកគ្រឿងសំណង់បើកថយក្រោយខ្វះការប្រុងប្រយ័ត្ន ក៏បុកជើងតាងបណ្ដាលឲ្យរលំសង្កត់លើក្មេងប្រុសនោះតែម្ដង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៤៦នាទីរសៀលថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិមុន្នីព្រឹក្សា ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា ក្មេងប្រុសដែលបានស្លាប់ ឈ្មោះ យឿន  សំណាង អាយុ១ខួបកន្លះមានទីលំនៅភូមិឃុំកើតហេតុខាងលើ ផ្ទះកំពុងជួសជុលមានឪពុកឈ្មោះ ប៊ិន ភារម្យ អាយុ៣១ឆ្នាំ មុខរបរកសិករ។ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវបានស្គាល់ឈ្មោះ ហាយ ស៊ាន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់គ្រឿងសំណង់ មានទីលំនៅភូមិ វត្ត ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្រោយកើតហេតុអ្នកបើករថយន្តរត់គេចខ្លួនភ្លាមៗ បន្សល់តែរថយន្តម៉ាក HYUNDAI ពណ៌ក្រហម ចំណុះមួយតោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 2AT-4548 ។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកគ្រឿងសំណង់បានមកឈប់មុខផ្ទះ ដែលកំពុងតែសាងសង់ ហើយក៏បានបើកថយក្រោយដើម្បីទម្លាក់ដែក ប៉ុន្តែចៃដន្យ ខណ:បើកដាក់លេខថយក្រោយខ្វះការប្រុងប្រយត្ន័មិនមើលឆ្វេងស្ដាំ ក៏បុកនិងជើងតាងធ្វើផ្ទះយ៉ាងពេញទំហឹងបណ្ដាលឲ្យបាក់សង្កត់ទៅលើក្មេងប្រុសដែលកំពុងឈរមើលរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ប៉ុន្តែអកុសលរបួសធ្ងន់ធ្ងរពេក ក៏ដាច់ខ្យល់ស្លាប់។

ភ្លាមនោះៗសមត្ថកិច្ចមូលដ្ឋានបានអូសយករថយន្តបង្កមកកាន់អធិការដ្ឋាននគរបាលស្រុករមាសហែកចាត់ការបន្តតាមនីតិវិធីច្បាប់។ រីឯសពត្រូវបាននគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

មតិយោបល់