ភ្នំពេញៈ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី បណ្ឌិត Kundhavi Kadiresan ឧបការី នៃអគ្គនាយកអង្គការ FAO និងជាតំណាងអង្គការ FAO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងអង្គការ FAO។
លោករដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការធ្វើទំនើបកម្មស្ថាប័ន និងការកែសម្រួលតួនាទី ភារកិច្ចរបស់ស្ថាប័នទទួលបន្ទុកការងារអភិវឌ្ឍន៍ និងការងារអភិរក្សឱ្យនៅដាច់ពីគ្នា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសព្រៃឈើ និងសម្បទានដីសេដ្ឋកិច្ច។
លោករដ្ឋមន្ត្រី បានស្នើឱ្យអង្គការ FAO បន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីរួមចំណែកដល់ការពង្រឹងប្រសិទ្ធភាពការងារក្នុងវិស័យកសិកម្ម និងធនធានធម្មជាតិ សំដៅធានាដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕
មតិយោបល់