ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី៤ ឧសភា កីឡាករកីឡាការិនីផ្នែកចំបាប់ជើងខ្លាំង២រូបគឺចូវ សុធារ៉ា និងងួន មករា បានទៅដល់ប្រទេសតួគីដោយសុវត្ថិភាពហើយ បន្ទាប់ពួកគេបានធ្វើដំណើរដោយជើងយន្តហោះចេញពីប្រទេសកម្ពុជានៅយប់ថ្ងៃទី៣ ឧសភា។ ដំណើរទៅដល់ប្រទេសតួគីរបស់ពួកគេ គឺដើម្បីចូលប្រកួតជម្រុះផ្នែកចំបាប់ក្នុងកម្រិតពិភពលោក ដើម្បីដណ្ដើមកៅអីឆ្ពោះទៅកាន់ព្រឹត្តិការណ៍អូឡាំពិក ដូចគ្នានឹងស៊ន សៀវម៉ី ដែលទើបដណ្ដើមបានសិទ្ធិទៅប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ។
នៅលើគណនេយ្យហ្វេសប៊ុករបស់កញ្ញា ចូវ សុធារ៉ា នាងបានបង្ហោះឲ្យឃើញថាខ្លួន និងងួន មករា បានទៅដល់ប្រទេសតួគីហើយ កាលពីល្ងាចថ្ងៃទី៤ ឧសភា ដោយអ្នកទាំងពីរក៏បានបង្ហោះពីការស្ទុះស្ទារចូលខ្លួនហ្វឹកហាត់ដោយមិនមានការប្រហែសនោះដែរ ដើម្បីបង្កើនកម្លាំង និងឲ្យធ្នឹកចំពោះការប្រកួតនៅលើទីលានដ៏ធំរបស់ប្រទេសតួគី។
អ្នកទាំងពីរ នឹងត្រូវប្រកួតជម្រុះផ្លូវការជាមួយកីឡាករកីឡាការិនីជាច្រើនផ្សេងទៀត មកពីទ្វីប និងប្រទេសមួយចំនួននៅលើពិភពលោក ចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៨ ឧសភា នេះ ដើម្បីដណ្ដើមយកកៅអីទៅកាន់ព្រឹត្តិការណ៍អូឡាំពិកនៅប្រេស៊ីល ដែលនឹងចាប់ផ្ដើមនៅខែកញ្ញា ឆ្នាំ២០១៦។
នៅមិនទាន់ដឹងថា អ្នកទាំងពីរនឹងធ្វើបានល្អក្នុងកម្រិតណានោះទេ ក្នុងពេលដែលនៅប្រទេសកម្ពុជាមានការទន្ទឹងចង់ឃើញនូវលទ្ធផលឈ្នះរបស់ពួកគេយ៉ាងខ្លាំង ដើម្បីឲ្យកម្ពុជាទទួលបានសិទ្ធិទៅកាន់អូឡាំពិកថែមមួយវិញ្ញសារទៀត គឺវិញ្ញសារចំបាប់នេះ។
សម្រាប់ព្រឹត្តិការណ៍អូឡាំពិកខាងមុខនេះ កម្ពុជាទទួលបានសិទ្ធិឲ្យចេញប្រកួតតែ៣វិញ្ញសារប៉ុណ្ណោះ គឺវិញ្ញសារហែលទឹក២(សិទ្ធិអនុគ្រោះ) វិញ្ញសាររត់ប្រណាំង២នាក់(សិទ្ធិអនុគ្រោះ) និងវិញ្ញាសារតៃក្វាន់ដូ ដែលដណ្ដើមបានកៅអីពេញសិទ្ធិដោយស៊ន សៀវម៉ី៕
មតិយោបល់