ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ក្នុងចំណោមបក្សពួក ៤នាក់ដែលធ្វើសកម្មភាពលួចខោក្នុងរោងចក្រ ឡង វិចថូរី កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោមផ្លូវលេខ៦២ ក្រុម១០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ៣នាក់ទី១-ឈ្មោះ ប៉ែន សុង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ សន្តិសុខរោចក្រ មានទីលំនៅផ្ទះជួល ផ្លូវលំ ក្រុម៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ, ទី២-ឈ្មោះ ខឹម បារាំង ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវលំ ក្រុម១០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ, ទី៣-ឈ្មោះ អោ រក្សា ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវ៦២ ក្រុម១១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួន ហើយអ្នកទាំង ៤នាក់មានមុខរបរ ជាសន្តិសុខក្រុមហ៊ុន ប៊ី.ឌី.ភី.អេស។
ចំណែកឯជនរងគ្រោះមានឈ្មោះ លី លីន ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ ប្រធានរដ្ឋបាលរោងចក្រ មានទីលំនៅផ្ទះលេខ០៧ ផ្លូវលេខ១១៩ ភូមិកៅដាយ សង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដោយសារតែម្ចាស់រោងចក្រខាងលើ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចយើងជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ ដែលបានធ្វើសកម្មភាពលួចយកខោក្នុងរោងចក្រ។ ក្រោយពីបានទទួលពាក្យបណ្តឹងពីម្ចាស់រោងចក្រ ហើយសមត្ថកិច្ចយើងបានធ្វើការឆែកមើលក្នុងកាមេរ៉ាសុវត្ថិភាពក្នុងរោងចក្ររួចមក សមត្ថកិច្ចយើងបានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ៣នាក់ក្នុងចំណោមបក្សពួក ៤នាក់ ដែលបានធ្វើសកម្មភាពលួចយកខោក្នុងរោងចក្រជាច្រើនដងមកហើយ។
លុះដល់វេលាម៉ោង ៣និង៣០នាទីយប់ទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យទាំង ៣នាក់បានធ្វើសកម្មភាពលួចយកខោរោងចក្រ ក៏ត្រូវបានម្ចាស់រោងចក្រឃើញទាន់ បានទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ និងបានដកហូតបានខោជើងវែងពណ៌សាច់ចំនួន ៥បាវ រស្មើចំនួន ១០០០ខោ ហើយសមត្ថកិច្ចយើងបានឃាត់យកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។
ជាមួយគ្នានោះ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចខណ្ឌឬស្សីកែវ បានធ្វើការបង្ហាញមុខជនសង្ស័យទាំង ៣នាក់រួមនឹងវត្ថុតាង ហើយក៏បានប្រគល់សំភារៈដែលជនសង្ស័យទាំងនោះលួចឲ្យទៅតំណាងរោងចក្រវិញផងដែរ។
ចំពោះមុខអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បន្តស្រាវជ្រាវរកបក្ខពួកបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធីច្បាប់៕
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=RGgWarjdaPM&feature=youtu.be
មតិយោបល់