ទីភ្នាក់ងារសារព័ត៌មានសាធារណរដ្ឋអ៊ីស្លាម (IRNA) បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានប្រកាសអំពីភាពជោគជ័យនៃការសាកល្បងទៅលើមនុស្សសម្រាប់វ៉ាក់សាំងការពារមេរោគកូរ៉ូណាវីរុសក្នុងស្រុក ដែលមានឈ្មោះថា Fakhra ក្នុងការចងចាំរបស់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ លោក Mohsen Fakhrizadeh ។ សារព័ត៌មាននេះបាននិយាយបន្ថែមថា កូនប្រុសរបស់អ្នកវិទ្យាសាស្ត្រនេះបានចូលរួមក្នុងការសាកល្បងនេះក្នុងនាមជាអ្នកស្ម័គ្រចិត្ត។
ការសាកល្បងព្យាបាលដំបូងរបស់វ៉ាក់សាំងនេះដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលក្រសួងការពារជាតិអ៊ីរ៉ង់ ដោយលោក Fakhrizadeh បានចាប់ផ្តើមប្រើនៅក្នុងខែមីនា។ អ្នកវិទ្យាសាស្ត្ររូបនេះត្រូវបានសម្លាប់នៅក្នុងខេត្តតេរ៉ង់កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០។ យោងតាមអ្នកនាំពាក្យរបស់គណកម្មការសន្តិសុខជាតិ និងគណកម្មការគោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់ លោក Abolfazl Amouei បានឱ្យដឹងថា ការធ្វើឃាតលោក Fakhrizadeh ត្រូវបានរៀបចំឡើងដោយភ្នាក់ងារស៊ើបការណ៍អ៊ីស្រាអែល ហើយប្រហែលជាពាក់ព័ន្ធនឹងសេវាកម្មសំងាត់របស់ប្រទេសដទៃទៀតផង។
រហូតមកដល់ពេលនេះ ប្រទេសអ៊ីរ៉ង់បានបង្កើតវ៉ាក់សាំងការពារជំងឺឆ្លងក្នុងស្រុកមួយចំនួន។ ការសាកល្បងដំណាក់កាលទី ៣ នៃវ៉ាក់សាំង COVIran Barakat បានចាប់ផ្តើមកាលពីចុងខែមេសា។ ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រនៅឯមជ្ឈមណ្ឌលប្រឆាំងនឹងមេរោគឆ្លងនៃប្រទេសអ៊ីរ៉ង់ លោក Mostafa Ghanei បាននិយាយថា ការចាក់វ៉ាក់សាំងការពារមេរោគនេះអាចត្រូវបានអនុម័តឱ្យប្រើប្រាស់នៅក្នុងខែឧសភានេះ ហើយវ៉ាក់សាំងក្នុងស្រុកផ្សេងទៀតអាចនឹងមានជាបន្តបន្ទាប់ក្នុងរយៈពេលពី ២ ទៅ ៣ខែទៀត។
មតិយោបល់