ព័ត៌មានជាតិ

ស៊ាំយ៉ុង បុកម៉ូតូសេ១២៥ បណ្តាលឲ្យបុរស២នាក់ ស្លាប់

រតនគិរីៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាកស៊ាំយ៉ុង បើកបរខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅបុកម៉ូតូសេ១២៥ យ៉ាងពេញទំហឹង បណ្តាលឲ្យបុរស២នាក់ របួសធ្ងន់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង ៤០នាទី យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ជនរងគ្រោះទាំង២នាក់ ដែលស្លាប់ខាងលើ ទី១មានឈ្មោះ យ៉ុន យិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ និងជនរងគ្រោះម្នាក់ទៀត រស់នៅខេត្តកំពង់ធំ ជាកម្មករសំណង់ ជាមួយគ្នា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2N-6342 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុ រថយន្តបង្កបានបត់ទៅឆ្វេងដៃ មិនបានឃើញម៉ូតូជនរងគ្រោះម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ដែលកំពុងបើកពីលិចទៅកើត ក៏បុកពេញទំហឹង បណ្តាលឲ្យបុរស២នាក់ ដែលជិះលើម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម៉ូតូខូចខាតយ៉ាងដំណំ។

ក្រោយពីកើតហេតុ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកកូនមុំ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់