កណ្តាលៈ បុរសវ័យចំណាស់ម្នាក់បានដេកស្លាប់មិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចលើផ្ទះជនរងគ្រោះ ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ីម សុង អាយុ៥១ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើត ភូមិដំណាក់សង្កែ ឃុំព្រែកកំពិស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បច្ចុប្បន្នរស់នៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា កន្លងមកជនរងគ្រោះជាមនុស្សចូលចិត្តហូបស្រាជាប្រចាំ។ លុះនៅក្នុងល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ គាត់បានហូបស្រាតាំងពីល្ងាចរហូតដល់ម៉ោង១០យប់ទើបចូលសម្រាក លុះដល់ព្រឹកឡើងថ្ងៃកើតហេតុជនរងគ្រោះ បានងើបហូបបាយម្តង ហើយបានដេកទៅវិញ លុះដល់ម៉ោង១០ព្រឹកប្រពន្ធបានដាស់ជនរងគ្រោះហៅហូបបាយ ទើបដឹងថាប្តីគាត់បានស្លាប់បាត់ទៅហើយ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ច។
ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រពន្ធជនរងគ្រោះសមត្ថកិច្ចជំនាញបច្ចេកទេសក្រុងតាខ្មៅ និងគ្រូពេទ្យជំនាញប្រចាំមណ្ឌលសុខភាពព្រែកហូរ បានមកពិនិត្យ ធ្វើកោសល្យវិច័យឃើញថា នៅលើដងខ្លួនសពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ មិនមានជាប់ពាក់ពន្ធ័នឹងករណីអ្វីផ្សេងទេ ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គមែន។
បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់