កណ្តាលៈ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹក កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចតាមដងមាត់ទន្លេបាសាក់ មុខវត្តព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹង សាកសពមានឈោ្មះ អ៊ិន ធារ៉ា ហៅជា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងប៉ះកង់ មានទីលំនៅភូមិនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំពោះភិនភាគរបស់សព នៅពេលដែលគេឃើញគឺ សក់ខ្លី ពាក់អាវយឺតកបើក ពណ៌ខៀវដៃខ្លី ជាប្រភេទអាវកីឡា ខោខូវប៊ូលជើងវែង ពណ៌ខៀវ មានពាក់ខ្សែចង្កេះ (ខ្សែកាថា)ទៀតផង។
ប្រភពព័ត៌មានពីសាក្សីឈោ្មះ មាស សុភា អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៦និង៣០នាទី ស្ថិតនៅលើផែធ្វើអំពីដែក ជិតគល់ស្ពានច្បារអំពៅចាស់ខាងកើត ភូមិច្បារអំពៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពួកគេបានបបួលគ្នាផឹកស្រាថ្នាំអស់ចំនួន៣លីត្រ ដោយមានគ្នាទាំងអស់បួននាក់ (ក្នុងនោះមានជនរងគ្រោះដែរ)។ ពេលកំពុងផឹកជនរងគ្រោះបានលោតទឹកលេង ត្រឡប់ខ្លួនលេង ចំនួនបីដង ហើយក៏ហែលបានប្រហែល៥០ម៉ែត្រពីច្រាំងទន្លេ ពេលនោះស្រាប់តែបាត់ខ្លួនតែម្តង។ លុះដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៧ព្រឹកនេះ មានគេប្រទះឃើញសាកសពអណ្តែតទឹក នៅចំណុចកើតហេតុខាងលើ នៅពេលនោះដំណឹងឮដល់ម្តាយជនរងគ្រោះ ហើយគាត់ក៏បានមកមើល ឃើញថាសាកសពអណ្តែតទឹកខាងលើនោះ ជាសាកសពរបស់កូនគាត់ដែលបានបាត់ខ្លួនកាលពីថ្ងៃទី២៥ពិតប្រាកដមែន។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបចេ្ចកទេសខេត្តកណ្តាល និងនគរបាលជំនាញបច្ចេកទេសក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរដែលពាក់ព័ន្ធ ឃើញថានៅលើ ដងខ្លួនសាកសពមិនមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់នោះឡើយ សពពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន។ ក្រោយការពិនិត្យបានចប់សព្វគ្រប់ សាកសពត្រូវបាន
ប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅធើ្វបុណ្យតាមប្រពៃណី៕
មតិយោបល់