ព័ត៌មានជាតិ

Update: ឆ្លងចរន្តអគ្គិសនីឆាបឆេះយានដ្ឋានជួសជុលរថយន្តមួយកន្លែងនៅខណ្ឌឫស្សីកែវ

ភ្នំពេញៈ យានដ្ឋានជួសជុលរថយន្តមួយកន្លែង ត្រូវបានអគ្គិភ័យលេបត្របាក់ បណ្ដាលឲ្យខូចខាតសម្ភារៈអស់ទាំងស្រុង។ អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចដីឡូត៍លេខ៦៦៣ជ ផ្លូវលេខ៩៩ ក្រុម៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅទីតាំងកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ គេបានឃើញយានដ្ឋានជួសជុលរថយន្តមួយនេះ មានចេញផ្សែងហ៊ុយៗ និងមានភ្លើងឆាបឆេះយ៉ាងខ្លាំង។ ភ្លាមៗនោះ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើ បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យ​សមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយពីសមត្ថកិច្ចបានទទួលដំណឹងនេះរួចមក សមត្ថកិច្ចបានធ្វើការទំនាក់ទំនងទៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យ​ចេញជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ។

សូមបញ្ជាក់ផងដែរ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះកើតឡើង គឺដោយសារតែឆ្លងចរន្តអគ្គិសនី ហើយអគ្គិភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃខែដដែល ដោយប្រើប្រាស់រថយន្តពន្លត់សរុបទាំងអស់ចំនួន៥គ្រឿង ដោយក្នុងនោះ សមត្ថកិច្ចយើងបានបាញ់ពន្លត់អស់ចំនួន ២គ្រឿង ទើបអគ្គិភ័យនេះ មិនបណ្ដាលឲ្យឆាបឆេះដល់ផ្ទះដែលជាប់គ្នា៕

https://youtu.be/Zh2JHzAmb9M

មតិយោបល់