ភ្នំពេញៈ ក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង ដែលជាក្រុមហ៊ុនតំណាងម៉ាករថយន្ត Chevrolet តែមួយគត់នៅកម្ពុជា កាលពីថ្ងៃទី ២៤ ធ្នូ សប្តាហ៍មុន បានប្រារព្ធពិធីបើកសម្ពោធលក់ជាផ្លូវការនូវរថយន្ត SUV ត្រកូល Trailblazer ស៊េរីឆ្នាំ ២០១៧ លើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា នៅឯផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ ជាន់ផ្ទាល់ដី។
នាយកគ្រប់គ្រងលក់រថយន្ត Chevrolet គឺលោក ប៉ែន ពិសិដ្ឋ បានថ្លែងឱ្យដឹងក្នុងពិធីសម្ពោធនោះថា ដោយសារកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា មានអត្រាខ្ពស់ជារៀងរាល់ឆ្នាំ ទីផ្សាររថយន្តក៏មានសន្ទុះកើនឡើងជាលំដាប់ផងដែរ។ ម្លោះហើយទើបក្រុមហ៊ុនសម្រេចនាំចូលរថយន្តអាមេរិកស៊េរីទំនើបថ្មីៗបន្ថែមទៀត តួយ៉ាងដូចជារថយន្ត Chevrolet Trailblazer ស៊េរី ២០១៧ ដ៏ថ្មីស្រឡាងនេះជាដើម ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់រថយន្តក្នុងប្រទេសកម្ពុជា ក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុនផងដែរ។
Chevrolet Trailblazer ស៊េរីឆ្នាំ ២០១៧ គឺជាប្រភេទរថយន្ត SUV ប្រាំពីរកៅអីថ្មី ដែលបង្ហាញឱ្យឃើញពីរចនាបថថ្មី ខុសប្លែកពីស៊េរីឆ្នាំមុនៗរបស់វា បន្ថែមពីលើការបំពាក់បច្ចេកវិជ្ជាកាន់តែទំនើប និងម៉ាស៊ីនកាន់តែខ្លាំង ប៉ុន្តែ អាចសន្សំសំចៃបានកាន់ខ្ពស់។
សំណាញ់មុខ កាង និងចង្កៀងរបស់វា ត្រូវបានប្តូរជាមួយរចនាបថថ្មី អាចបញ្ចេញពន្លឺភ្លើងរត់ចុះឡើងបាន ដែលលក្ខណៈពិសេសនេះ គឺមានតែមួយគត់សម្រាប់ម៉ូដែល Chevrolet Trailblazer ស៊េរីឆ្នាំ ២០១៧។
ផ្ទៃខាងក្នុង ត្រូវបានបំពាក់ជាមួយបរិក្ខារ និងគ្រឿងសង្ហារិម ដែលកាន់តែទំនើប អាចផ្តល់នូវផាសុកភាព និងអារម្មណ៍កាន់តែស្រស់ស្រាយ បើទោះបីជាធ្វើដំណើរក្នុងចម្ងាយផ្លូវឆ្ងាយរាប់ម៉ោងក៏ដោយ។ ជាក់ស្តែង កៅអីពូករបស់វាមានសភាពទន់ល្វើយ មានបំពាក់ប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលអាចគ្រប់គ្រងសីតុណ្ហភាពក្នុងរថយន្តបានតាមសេចក្តីត្រូវការ បន្ថែមពីលើប្រព័ន្ធផ្តល់ព័ត៌មាន-កម្សាន្ត MyLink ដែលអាចគ្រប់គ្រងបានយ៉ាងងាយស្រួលលើអេក្រង់ប្រភេទប៉ះបញ្ជាទំហំ ៨ អីុញ ឬតាមប៊ូតុងបញ្ជាលើដៃចង្កូត។ បន្ថែមពីនេះ វាក៏បានភ្ជាប់មកជាមួយមុខងារសុវត្ថិភាពកម្រិតខ្ពស់ ជាមួយអង្គញាណដែលអាចចាប់ដឹង និងផ្តល់សញ្ញាប្រកាសអាសន្នពីការបើកបរចេញពីគន្លងផ្លូវ ជូនដំណឹងពីឧបសគ្គនៅខាងមុខ និងខាងក្រោយ និងតំបន់ងងឹតគ្មានពន្លឺជាដើម។ល។
Chevrolet Trailblazer 2017 ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត Duramax បួនស៊ីឡាំង ចំណុះ ២.៨ លីត្រ អាចផ្តល់ថាមពល ២០០ សេះ និងកម្លាំងបង្វិលជុំ ៥០០ ញ៉ូតុនម៉ែត្រ ដែលវាអាចជួយសំន្សំសំចៃខ្ពស់ បំភាយផ្សែងកម្រិតទាប និងធ្វើឱ្យដំណើរការបើកបរកាន់តែប្រសើរ។
លោក ពិសិដ្ឋ បានបញ្ជាក់ឱ្យដឹងថា នៅឆ្នាំ ២០១៧ ខាងមុខ ក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង រំពឹងថា ការលក់រថយន្ត Chevrolet នៅកម្ពុជា នឹងមានការកើនឡើងខ្ពស់ជាមិនខាន ហើយក្រុមហ៊ុននឹងជំរុញការលក់ឱ្យបានដល់ ៥០០ គ្រឿង តាមរយៈយុទ្ធសាស្រ្តបង្កើនការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន និងពង្រឹងសេវាកម្មឱ្យបានល្អបន្ថែមទៀត។ ក្នុងនោះដែរ ក្រុមហ៊ុនក៏គ្រោងនឹងបង្កើតអគារពិព័រណ៌នៅតាមបណ្តាខេត្តសក្តានុពលមួយចំនួនផងដែរ៕
មតិយោបល់