ព័ត៌មានជាតិ

នៅក្មេងសោះម៉េចមិនខំរៀន! លួចម៉ូតូគេបាន១ថ្ងៃ ម្ចាស់តាមទាន់ ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចម៉ូតូគេបានរយៈពេល ១ថ្ងៃ ក៏ត្រូវបានម្ចាស់ម៉ូតូតាមទាន់ ចាប់ប្រគល់ខ្លួនឲ្យសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារតែម្តង។

ហេតុការណ៍ការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង២០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ដែលនៅត្រង់ចំណុចមុខវត្តស្រះចក តាមបណ្តោយផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-មានឈ្មោះ ទូច វាសនា ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្ដុំផ្សារចាស់ ខណ្ឌដូនពេញ និងទី២-ឈ្មោះ ភួន សារិន ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកឯជនរងគ្រោះមានឈ្មោះ ចាន់ ថារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលF២០៦ បណ្តោយផ្លូវជាតិលេខ៦អា ស្ថិតក្នុងសង្កាត់កៀនឃ្លាំង ខណ្ឌជ្រោយចង្វារ ជាម្ចាស់ម៉ូតូម៉ាកនិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BU-1978។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះ ដោយមានការចាក់សោកត្រឹមត្រូវ ខណៈពេលនោះ ស្រាប់តែមានជនសង្ស័យ ២នាក់ បានមកធ្វើសកម្មភាពលួចកាច់សោកម៉ូតូយកទៅបាត់ដោយសុវត្ថិភាព។ ក្រោយពីកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកចាប់ខ្លួន។

លុះដល់ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះបានធ្វើដំណើរតាមផ្លូវនៅម្តុំផ្សារកណ្តាល ក៏បានប្រទះឃើញម៉ូតូរបស់ខ្លួនដែលជនសង្ស័យទាំង ២នាក់លួចកាច់សោកនោះ ហើយក៏បានធ្វើការជិះតាមពីក្រោយរហូតដល់ចំណុចមុខវត្តស្រះចក ក៏បានជួបនឹងកម្លាំងល្បាតរបស់សមត្ថកិច្ចប៉ុស្តិ៍ស្រះចក ក៏ជនរងគ្រោះបានស្រែកៗផ្អើលដល់សមត្ថកិច្ច។ ភ្លាមៗនោះ សមត្ថកិច្ចដែលកំពុងជិះល្បាតនៅទីនោះ ក៏បានដេញតាមពីក្រោយរហូតឃាត់ខ្លួនបានជនសង្ស័យទាំង ២នាក់តែម្តង។

ក្រោយមក សមត្ថកិច្ចបានធ្វើការសាកសួរទៅជនរងគ្រោះថា មានរឿងអ្វីកើតឡើង។ ភ្លាមៗនោះ ជនរងគ្រោះបានប្រាប់ថា ជនសង្ស័យទាំង ២នាក់នេះ បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូរបស់គាត់នៅខណ្ឌជ្រោយចង្វារ ហើយសមត្ថកិច្ចប៉ុស្តិ៍ស្រះចក បានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌជ្រោយចង្វារឲ្យមកយកជនសង្ស័យទាំង ២នាក់ខាងលើ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ ដើម្បីធ្វើសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់