ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត១គ្រឿង បានបើកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទាតចេញពីជួរមួយកង់ ចំណែករថយន្តផ្ទុះកង់មុខផ្នែកខាងឆ្វេង និងដាច់ការឡេ អូសជិត៤៥ម៉ែត្រ ទើបទៅមុខលែងរួច។
ហេតុការណ៍នេះ កើតទ្បើងវេលាម៉ោង១ និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅខាងមុខសូហ្វីតែល ភ្នំពេញ (ជិតវត្តថាន់) លើផ្លូវសុធារស ស្ថិតសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្ត មួយគ្រឿងម៉ាក NISSAN NAVARA ពណ៌ស ពាក់ស្លាកលេខ កោះកុង 2B-6000 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវសុធារស ក្នុងល្បឿនលឿន សង្ស័យស្រវឹង មកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យក្បាលនាគវៀចចេញមួយកង់ ចំណែករថយន្តដាច់កាឡេទៅមុខលែងរួច សំណាងហើយមិនមានអ្នករងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ទីតាំង ធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុក នៅស្នងការនគរបាល រងចាំការដោះស្រាយតាមច្បាប់៕
មតិយោបល់