ព័ត៌មានជាតិ

ឆក់កាបូបបានសម្រេច បែរជាត្រូវពលរដ្ឋបើករថយន្តដេញបំបុកឲ្យដួល ចាប់ខ្លួនបាន

ភ្នំពេញ: ជនសង្ស័យចំនួន៣នាក់ ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេចប៉ុន្តែជាអកុសល ត្រូវបានអ្នកដំណើរ២នាក់ប្ដីប្រពន្ធដែលបានឃើញហេតុការណ៍ នាំគ្នាបើករថយន្តដេញតាមបំបុកឲ្យដួល រួចចាប់ប្រគល់ឲ្យសមត្ថកិច្ច។

ករណីឆក់កាបូបនេះកើតឡើងនៅវេលាម៉ោង៩ និង១៩នាទីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣២ កែងផ្លូវ១៥៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

បើតាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាកនិច១គ្រឿង ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បណ្តាលឲ្យជនរងគ្រោះដួល រួចជនសង្ស័យបានបន្ថែមល្បឿនគេចខ្លួនតែត្រូវបានអ្នកដំណើរ២នាក់ប្ដីប្រពន្ធឃើញទាន់ ក៏ប្រញាប់បើករថយន្តដេញតាមរហូតមកដល់ផ្លូវ៤៣២ កែង១៥៥ ក៏បុកបណ្តាលឲ្យជនសង្ស័យទាំង៣នាក់ដួលរងរបួសធ្ងន់ម្នាក់ និង២នាក់ទៀតស្រាល រួចស្រែកឆោឡោថាចោរៗ ផ្អើលប្រជាពលរដ្ឋនៅទីនោះ នាំគ្នាពទ្ធ័ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ក្រោយពីកើតហេតុជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលទំពូងទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់