ព័ត៌មានបច្ចេកវិទ្យា

Ducati Monster 797 ស៊េរីឆ្នាំ 2017 ជាអ្វីដែលបងប្រាថ្នា

ក្រុមហ៊ុន Ducati ក៏ដូចជាក្រុមហ៊ុនផលិតម៉ូតូដទៃផងដែរ គឺតែងតែខិតខំធ្វើយ៉ាងណារចនាម៉ូដម៉ូតូរបស់ខ្លួនពីមួយស៊េរីទៅមួយស៊េរី ឱ្យអាចចងចិត្តរបស់អតិថិជនឱ្យស្រឡាញ់ និងពេញចិត្តរូបរាង សមត្ថភាព និងថាមពលយានយន្តរបស់ខ្លួនជាប់ជានិច្ច។ Ducati Monster 797 គឺជាសមិទ្ធផលថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុនដែលត្រូវបានរចនាម៉ូដបែបស្ព័រ និងទាន់សម័យបំផុត សម្រាប់ឆ្នាំ ២០១៧។

វាបំពាក់ម៉ាស៊ីនកម្លាំង ៨០៣ cc ដែលមានភ្ជាប់ប្រព័ន្ធខ្យល់ត្រជាក់ និងត្រូវបានកែលំអរឱ្យកាន់តែប្រសើរឡើងធៀបនឹងស៊េរីមុនៗរបស់វា និងមានទម្ងន់ ១៩៣ គីឡូក្រាម ហើយអាចបង្កើនថាមពលដល់ ៧៥ សេះ។ Monster 797 មានបំពាក់ប៊ូមមុខមួយគូដ៏រឹងមាំ និងប៊ូមកណ្តាលមួយ ដែលប៊ូមទាំងបីផ្តល់នូវកម្លាំងរំញោចនៃទម្ងន់ម៉ូតូ និងរលាស់បានល្អបំផុត ហើយវាប្រើប្រាស់បំពុងស៊ីម៉ាំងស្រោបដោយជ័រការពារធំមួយ ថាសហ្វ្រាំងខាងមុខមានអង្កត់ផ្ចិត ៣២០ មីល្លីម៉ែត្រ និងថាសខាងក្រោយមានអង្កត់ផ្ចិត ២៤៥ មីល្លីម៉ែត្រ។

ចំណែកកម្ពស់កែបវិញ គឺមានប្រវែង ៣១.៧ អីុញ គឺល្អប្រសើរសម្រាប់អ្នកជិះដែលមានកម្ពស់ទាប ប៉ុន្តែ បើអតិថិជនចង់អង្គុយបើកទាបជាងនេះ ពួកគេអាចសម្រុតចុះមកត្រឹមកម្ពស់ ៣០.៩ អីុញ បានទៀតផង។ ដោយឡែក ក្រៅពីប្រើប្រាស់ប្រព័ន្ធហ្វ្រាំង ABS វាក៏មានបំពាក់អេក្រង់ LCD តូចមួយនៅក្បែរកុងទ័រល្បឿនផងដែរ។

Ducati Monster 797 ស៊េរីឆ្នាំ ២០១៧ មានពីរពណ៌សម្រាប់ជ្រើសរើស គឺពណ៌ទឹកប្រាក់ ត្រូវបានដាក់លក់ក្នុងតម្លៃ ៩,៣៩៥ ដុល្លារ និងក្រហមត្រូវបានដាក់លក់ក្នុងតម្លៃ ៩,២៩៥ ដុល្លារ៕

ប្រភពព័ត៌មាន៖ cycleworld

មតិយោបល់