ព័ត៌មានជាតិ

អាវុធហត្ថ បង្ក្រាបមុខសញ្ញាគ្រឿងញៀនចំនួន៦នាក់ រួមនិងគ្រឿងញៀនជាង៦០កញ្ចប់

កណ្តាលៈ ជនសង្ស័យដែលជាមុខសញ្ញា ប្រើប្រាស់ រក្សាទុក និងជួញដូរនូវសារធាតុញៀនខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកលើកដែក ធ្វើការស្រាវជ្រាវបង្ក្រាបចាប់ឃាត់ខ្លួនបានចំនួន៦នាក់ ដកហូតថ្នាំញៀនចំនួន៦៤កញ្ចប់ ដែលការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចមាត់អូរក្រោយភូមិ ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

ការបង្ក្រាបនេះដែរ ធ្វើឡើងដោយមានការដឹកនាំដោយ លោកមេបញ្ជាការស្រុក ប្រាក់ សាមិត្ត សហការជាមួយកម្លាំងមន្ទីរយុត្តិធម៌ អាវុធហត្ថខេត្តកណ្តាល ចុះដឹកនាំផ្ទាល់ដោយលោកមេបញ្ជាការរង ទូច អ៊ីណាន និងលោក វរសេនីយ៍ត្រី អ៊ុយ សុវណ្ណា ប្រធានមន្ទីរ និងសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញា លឹម សុគន្ធា បានចុះទៅធ្វើការបង្ក្រាបទីតាំងខាងលើ។

ជាក់ស្តែងកម្លាំងអាវុធហត្ថ ធ្វើការចាប់ ខ្លួនបានជនសង្ស័យ៦នាក់ ទី១មានឈ្មោះ ប៉ាវ រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២ឈ្មោះ ថុល វណ្ឌី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៣ឈ្មោះ វ៉ាន វី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ។អ្នកទាំង៣នាក់ស្នាក់នៅភូមិកើតហេតុខាងលើ។ ទី៤ឈ្មោះ ស៊ិន ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៥ឈ្មោះកែវ ទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបរ និងជនសង្ស័យទី៦ឈ្មោះ លី ក្តី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ អ្នកទាំង៣នាក់ ស្នាក់នៅ ភូមិ 5 ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

ក្នុងនោះដែរ អាវុធហត្ថដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស ចំនួន ៦៤កញ្ចប់ រួមមាន កញ្ចប់ធំចំនួន១ និងតូច៦៣កញ្ចប់ ,ទូរស័ព្ទ៤គ្រឿង, ដាវស៊ាំម៉ូរ៉ៃ ចំនួន២ ដើម រួមនិងសម្ភារៈសម្រាប់វេចខ្ចប់ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមនិងគ្រឿងញៀនចំនួន៦៤កញ្ចប់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកលើកដែក ឃុំខ្លួនបណ្តោះអាសន្ន កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់