កណ្តាលៈ ក្រុមអ្នកញៀនល្បែងបៀ ប្រចាំផ្ទះជួល លេងមិនដែលខាន ជាអាជីព រៀងរាល់ថ្ងៃ ត្រូវនគរបាលប៉ុស្តិ៍ព្រែកឫស្សីក្របួចជាប់ ខណៈដែលក្រុមញៀនល្បែងកំពុងលេងយ៉ាងសប្បាយ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
តាមការឲ្យដឹងពីលោកវរសេនីយ៍ទោ ស៊ឹម ប៊ុតបណ្ឌឹត អធិការក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ក្រុមអ្នកញៀនល្បែងបៀប្រចាំផ្ទះជួលទាំង៣នាក់ដែលចាប់ខ្លួនបានខាងលើ ទី១មានឈ្មោះ មាស ថារ័ត្ន អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកវីង។ ទី២ឈ្មោះ ប៊ុន ធឿន អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកហាង និងទី៣មានឈ្មោះ ឡាយ សុភាព អាយុ៣៥ឆ្នាំ មានមុខរបរកម្មករសំណង់។ ដកហូតបានវត្ថុតាងរួមមាន ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ឡើងស៊េរី២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1V-3116 , កំរាលក្រណាត់ក្រហមសម្រាប់ក្រាលលេង១, បៀ១ហ៊ូ និង លុយរៀល សរុបចំនួន១៧,០០០រៀល។
លោកអធិការបានបញ្ជាក់ថា ក្រុមអ្នកញៀនល្បែងទាំងអស់នោះ តែងតែលេងល្បែងជារៀងរាល់ថ្ងៃ ហើយថែមបង្កជម្លោះថែមទៀតផង ទើបរូបលោកបញ្ជារឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលចុះទៅបង្ក្រាបបានភ្លាមៗផងដែរ។
បច្ចុប្បន្នក្រុមអ្នកញៀនល្បែងទាំងអស់នោះបានធ្វើការណែនាំ ឲ្យទៅផ្ទះវិញ បើលើកក្រោយនៅមិនរាងចាលទៀត និងសមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធីច្បាប់ ៕
មតិយោបល់