ព័ត៌មានជាតិ

បង្ខាំងប្រពន្ធមួយយប់ ព្រឹកឡើងជាប់ខ្នោះ

ភ្នំពេញ: បុរសម្នាក់បានបង្ខាំងប្រពន្ធរបស់ខ្លួននៅក្នុងផ្ទះ ហើយដើរចេញទៅបាត់ ប្រពន្ធគ្មានវិធីចេញក្រៅក៏ទូរសព្ទហៅសមត្ថកិច្ចឲ្យជួយ បន្ទាប់ពីរំដោះស្ត្រីជាប្រពន្ធរួចហើយ ក៏ឈានទៅធ្វើការឃាត់ខ្លួនបុរសជាប្តីតែម្តង។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលបង្ខាំងប្រពន្ធខ្លួនឯងនេះមានឈ្មោះ ជា សុវណ្ណ អាយុ៣៧ឆ្នាំ មុខរបរជាងទង ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះ លី ភារុន អាយុ៣៥ឆ្នាំ មុខរបរជាថៅកែផ្ទះសំណាក់ភារុន ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពត៌មានពីស្ត្រីជាប្រពន្ធបានឲ្យដឹងថា រូបគាត់និងប្តីបានរៀការជាមួយគ្នាជាង១០ឆ្នាំហើយព្រមទាំងមានកូនចំនួន២នាក់ ប្រុសម្នាក់ ស្រីម្នាក់នៅក្នុងបន្ទុកផងដែរ ហើយប្តីរបស់គាត់មិនដែលបង្ករឿងអ្វីធំដុំទេ ទើបតែរយ:ពេល៣ឆ្នាំចុងក្រោយនេះ ប្តីប្រពន្ធរបស់គាត់ចេះតែរកាំរកូស ព្រោះប្តីរបស់គាត់មានស្រីផ្សេង និងតែងតែរករឿងវាយដំគាត់នៅពេលមានជម្លោះម្តងៗ។ រហូតដល់យប់កើតហេតុថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៦ ប្តីរបស់គាត់រករឿងតាមវាយគាត់ៗបានជិះម៉ូតូឌុបរត់គេចតែត្រូវប្តីតាមទាន់ក៏ចាប់គាត់ទៅបង្ខាំងនៅក្នុងផ្ទះលេខ15G ដែលជាផ្ទះរបស់គាត់ ដោយគ្មានវិធីចេញក្រៅ គាត់ក៏បានទូរសព្ទទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយរំដោះ ក្រោយពីរំដោះស្ត្រីជាប្រពន្ធសមត្ថកិច្ចក៏ឈានទៅឃាត់ខ្លួនបុរសជាប្តីតែម្តង។

ក្រោយពេលឃាត់ខ្លួន ដោយកូនៗបានទូរសព្ទមកអង្វរម្តាយកុំឲ្យប្តឹងឪពុក ទើបស្ត្រីជាម្តាយអាណិតកូន ក៏បានដកពាក្យបណ្តឹងវិញ ហើយសមត្ថកិច្ចប៉ុស្តិ៍ចោមចៅបានធ្វើការអប់រំណែនាំរួចរាល់ក៏ឲ្យពួកគេត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់