ភ្នំពេញៈ ក្រោយពីបើកសវនាការជាសាធារណៈកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ លោក អ៊ី ឋាវរៈ ប្រធានក្រមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទទី១ ឈ្មោះ សារ៉ាឃុន អាប់ឌុលយ៉ាដេត ភេទប្រុស ជនជាតិថៃ ទី២ ឈ្មោះ វិត សាំង ភេទប្រុស អាយុ៣៨ឆ្នាំ ទី៣ឈ្មោះ សួន ភក្តី ភេទប្រុស អាយុ៣៣ឆ្នាំ និងទី៤ឈ្មោះ សោម ដារ៉ា ហៅបារាំង ភេទប្រុស អាយុន៣៦ឆ្នាំ ដាក់ពន្ធនាគារកំណត់ម្នាក់ៗអស់មួយជីវិត និងចេញដីកាតាមចាបើខ្លួនឈ្មោះ សារ៉ាឃុន អាប់ឌុលយ៉ាដេត មកអនុវត្តទោសនៅក្នុងពន្ធនាគារ ក្រោមបទចោទប្រកាន់ ការផលិត ការជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនប្រភេទកញ្ឆាក្រៀម និងប្រេងកញ្ឆា ចំនួន៥៦បាវ មានទម្ងន់សរុបប្រមាណជា ១,៥តោន ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ចំណុចបុរីមង្គលភ្នំពេញ ផ្ទះ លេខJ21 ផ្លូវJS ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
គួររំលឹកថា សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ បានឃាត់ខ្លួនជនជាប់ចោទជាជនជាតិខ្មែរ៣នាក់ខាងលើ នៅចំណុចបុរីមង្គលភ្នំពេញ ផ្ទះ លេខJ21 ផ្លូវJS ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយដកហូតបាន កញ្ឆាក្រៀម និងប្រេងកញ្ឆា ចំនួន៥៦បាវ មានទម្ងន់សរុបប្រមាណជា ១,៥តោន និងឧបករណ៍ផលិតគ្រឿងញៀនរួមមាន៖ ម៉ាស៊ីន សម្រាប់ គ្រីបកញ្ឆា ចំនួន១គ្រឿង ម៉ាស៊ីនសម្រាប់ចម្រាញ់ប្រេងកញ្ឆា ចំនួន១គ្រឿង ម៉ាស៊ីនសម្រាប់សម្ងួតកញ្ឆា ចំនួន ១គ្រឿង ឧបករណ៍សម្រាប់ ដូយ ១គ្រឿង និង ឧបករណ៍តបណ្តាញអគ្គិសនីមួយចំនួនទៀត៕
https://youtu.be/5NbVvafFJ9s
មតិយោបល់