ភ្នំពេញៈ នគរបាលខណ្ឌសែនសុខដឹកនាំដោយលោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ បាននាំជនសង្ស័យ២នាក់ទៅចង្អុលទីតាំងជួញដូរគ្រឿងញៀន បែរជាជួបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងទៅវិញ និងធ្វើការដកហូតបានទូហ្គេមបៀរចំនួន១១ទូរ និងហ្គេមបាញ់ត្រីចំនួនមួយទូ។ ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុះភូមិបុរីកម្មករ(ត្រពាំងឈូក)សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី និងទូបាញ់ពង់នោះមានការចូលរួមដឹកនាំដោយលោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ និងលោកវរៈសេនីយ៍ គួក សុខហួ អធិការរង លោកអនុសេនីយ៍ឯក យឹម ដាវុធ នាយផ្នែកព្រហ្មទណ្ឌខណ្ឌ និងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ រួមទាំងមន្ត្រីក្រោមឱវាទផងដែរ ដោយមានការដកហូតបានទូហ្គេមបាញ់ត្រីចំនួន មួយទូនិងទូហ្គេមវាយពង់(បៀរ)បានចំនួន ១១ទូរផងដែរ។
ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាលបានប្រកាសដល់មន្ត្រីថ្នាក់ក្រោមទាំងប្រទេសអនុវត្តឲ្យបាននូវគោលការណ៍៩ចំណុចគឺ ភូមិ-សង្កាត់មានសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលុបបំបាត់ឲ្យអស់ល្បែងស៊ីសងគ្រប់ប្រភេទ អំពើចោរកម្ម ការប្រមូលផ្តុំបងតូចបងធំជាពិសេសការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានតែម្តង។
លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទ ឲ្យយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងទប់ស្កាត់មិនឲ្យមានល្បែងស៊ីសង បងតូច បងធំ ឬការប្រើប្រាស់ក៏ដូចជាជួញដូរថ្នាំញៀននៅតាមមូលដ្ឋាន ហើយបើមានល្បែងស៊ីសងមកធ្វើការអប់រំបើមិនរាងចាលចាប់កសាងសំណុំរឿងបញ្ជូនទៅទៅតុលាការចាត់ការតាមផ្លូវច្បាប់។
បច្ចុប្បន្ន ទូហ្គេមបាញ់ត្រី និងទូហ្គេមវាយពង់(បៀរ) ត្រូវប្រមូលយកមករក្សាទុកនៅសាលាខណ្ឌសែនសុខ រង់ចាំបញ្ជាពីលោកអភិបាលខណ្ឌធ្វើការវាយកំទេចចោលពេលក្រោយ៕
មតិយោបល់