ត្បូងឃ្មុំៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ បើកបរដោយបុរសម្នាក់ ខ្វះការប្រុងប្រយត្ន័ទៅបុកម៉ូតូសេ១២៥ បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែករថយន្តបង្ក បើកគេចខ្លួនចូលឃ្លាំងធ្វើព្រងើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើបណ្តោយផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៤-១៥៥ ក្នុងភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់ និងស្រាលទាំង២នាក់ ទី១មានឈ្មោះ ឃីម យូជីន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិកូរ៉េខាងត្បូង រងរបួសស្រាល ។ ចំណែកអ្នកជិះពីក្រោយម្នាក់ទៀត មានឈ្មោះ ទក ស៊ីថាត ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម របួសធ្ងន់។ រីឯអ្នកបើកបររថយន្តបង្ក មិនត្រូវបានស្គាល់ឈ្មោះនោះឡើយ ព្រោះក្រោយពីកើតហេតុ បានបើករថយន្តចូលទៅសម្ងំលាក់ខ្លួននៅក្នុងឃ្លាំងបាត់ស្រមោល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ក្រចេះ 3A-0459 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតមកលិច រួចបានបត់ឆ្វេងក្នុងបំណងចូលឃ្លាំងដែលនៅក្បែរនោះ ខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅបុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1M-3673 បើកបរដោយបុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ឌុបបុរសម្នាក់នៅខាងក្រោយ ក្នុងទិសដៅបញ្ច្រាសទិសគ្នា តាមបណ្តោយផ្លូវត្រង់ បណ្តាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូទាំង២នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ចំណែករថយន្តបង្កបានបើកចូលឃ្លាំង សម្ងំលាក់ខ្លួនធ្វើព្រងើយទៅវិញ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលជំនាញ បានចុះមកធ្វើការពិនិត្យនិងវាស់វែង ដោយបាននាំយករថយន្តនិងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់