ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ត

ភ្នំពេញៈ ផ្ទះលក់គ្រឿងបន្លាស់រថយន្តមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឲ្យរងការខូតមួយចំនួន កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ១៤៦ ផ្លូវលេខ១៩២៨ (ហៅផ្លូវឧកញ៉ាម៉ុងឫទ្ធី) ក្រុម៤ ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សុខ ណារី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងហ៊ុយចេញពីផ្ទះលក់គ្រឿងបន្លាស់រថយន្ត ភ្លាមៗនោះ ប្រជាពលរដ្ឋបាននាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យយកមកបាញ់អន្តរាគមន៍ ហើយប្រជាពលរដ្ឋខ្លះទៀតបានទាញបំពង់ទុយោលមកបាញ់ទឹកដើម្បីពន្លត់។ ក្រោយពីកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យជួយចុះមកអន្តរាគមន៍បាញ់ពន្លត់ផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យនេះ កើតឡើង គឺដោយសារតែការឆ្លងចរន្តអគ្គិសនី ហើយអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញនៅវេលាម៉ោង ១និង១០នាទីរសៀលថ្ងៃដដែល ដោយរថយន្តពន្លត់មកទាំងអស់សរុបចំនួន៥គ្រឿង ដោយក្នុងនោះ សមត្ថកិច្ចបានអន្តរាគមន៍បាញ់ពន្លត់អស់ចំនួន២គ្រឿង ទើបអគ្គិភ័យនេះ មិនបណ្តាលឲ្យឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរនោះ៕

មតិយោបល់