ព័ត៌មានជាតិ

នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់

ជនសង្ស័យជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ សហការជាមួយ នគរបាលប៉ុស្តិ៍ព្រែកប្រា ឃាត់ខ្លួនបាន កាលពីម៉ោងជាង១០ព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចខាងមុខផ្ទះគ្មានលេខ មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៦៩ ភូមិអូអណ្តូង១ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយដកហូតបានថ្នាំញៀនចំនួន ៨កញ្ចប់ និង ម៉ូតូមួយគ្រឿងផងដែរ។

មន្ត្រីនគរបាលបានឱ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ ហាប់ សាគីរីន អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅបន្ទប់ជួលលេខ ១២ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូអណ្តូង ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ជាមុខសញ្ញាចាស់ចែកចាយគ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារពីបទលួចកាត់ខ្សែរភ្លើងផងដែរ។

ដោយឆ្លងកាត់តាមការស្រាវជ្រាវរបស់កម្លាំងនគរបាលជំនាញខណ្ឌច្បារអំពៅ អស់រយៈពេលជាងមួយខែមកហើយនោះ ទើបក្នុងថ្ងៃនេះដែរកម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនបុរសជាមុខសញ្ញា ជួញដូរគ្រឿងញៀន យ៉ាងសកម្មម្នាក់នេះបាន នៅចំណុចខាងលើដោយធ្វើការដកហូតបានថ្នាំញៀន ប្រភេទម៉្សៅក្រាម ព៌ណ ស ថ្លា បានចំនួន ៨ កញ្ចប់តូច និងម៉ូតូម៉ាកវីវ៉ា ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX-1080 មួយគ្រឿងផងដែរ។

ក្រោយពេលប្រតិបត្តិការបង្ក្រាបការជួញដូរថ្នាំញៀនជាក់ស្តែងរបស់កម្លាំងនគរបាលខណ្ឌច្បារអំពៅសហការជាមួយនិងកម្លាំង នគរបាល ប៉ុស្តិ៍ព្រែកប្រា ឃាត់ខ្លួនបានបុរសជាមុខសញ្ញាជួញដូរថ្នាំញៀន រួមទាំងវត្ថុតាងរួចហើយត្រូវបានបញ្ជូនខ្លួន ទៅកាន់អធិការនគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

Drug0505161 Drug0505162 Drug0505163 Drug0505164

មតិយោបល់