ព័ត៌មានជាតិ

ចោរដៃឆើត ប្លន់ទាំងកណ្ដាលថ្ងៃត្រង់ យកជាង១ម៉ឺនដុល្លារ

ភ្នំពេញៈ ស្ត្រីវ័យជាង២០ឆ្នាំម្នាក់ ត្រូវក្រុមចោរពីរនាក់ ភ្ជង់ប្លន់យកលុយអស់ជាង១ម៉ឺនដុល្លារ ទាំងកណ្ដាលថ្ងៃត្រង់ គ្រាដែលនាងយកលុយទៅបង់ ឲ្យក្រុមហ៊ុនលក់ឱសថបុរាណ។ ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះ បានកើតឡើងនៅវេលាម៉ោង១១៖៤០នាទី ថ្ងៃត្រង់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខក្រុមហ៊ុន ខេ លីង លក់ឱសថបុរាណធម្មជាតិ ស្ថិតនៅភូមិប្រហួត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

មន្ត្រីអាវុធហត្ថខេត្តតាកែវ ប្រាប់ Post News នៅរសៀលនេះថា ជនរងគ្រោះមានឈ្មោះ មាន វណ្ណៈ អាយុ២៩ឆ្នាំ ត្រូវបានចោរពីរនាក់ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ មិនស្គាល់សេរី និងស្លាកលេខ ប្រើកាំភ្លើងខ្លីមួយដើម (មិនស្គាល់ម៉ាក) ប្លន់យកកាបូបលុយ រួចជិះគេចខ្លួនបាត់ស្រមោលជាមួយលុយ ចំនួន១១,០១៨ដុល្លារ និងទូរស័ព្ទដៃផងដែរ។

មន្ត្រីដដែលបញ្ជាក់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានយកលុយមកបង់ឲ្យក្រុមហ៊ុនលក់ឱសថខាងលើជាមួយប្ដីឈ្មោះ រ័ត្ន នាង អាយុ៣១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ខេ លីង ប៉ុន្តែពេលមកដល់ក្រុមហ៊ុន ប្ដីបានចូលទៅប្រជុំនៅខាងក្នុង ទុកឲ្យខ្លួនអង្គុយចាំប្ដីនៅតូបមុខក្រុមហ៊ុន ស្រាប់តែមានបុរសពីរនាក់ (ម្នាក់នៅចាំលើម៉ូតូ) ជិះម៉ូតូមកដល់ ហើយដើរមកភ្ជង់ក្បាលរបស់នាង រួចឆក់យកកាបូបលុយទៅបាត់។

រហូតមកដល់ម៉ោងជាង២រសៀលថ្ងៃនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរស្ត្រីរងគ្រោះ ដើម្បីកំណត់មុខសញ្ញាស្វែងរកចាប់ខ្លួនយកមកចាត់ការតាមច្បាប់៕

photo_2016-05-05_15-16-17photo_2016-05-05_15-42-14 photo_2016-05-05_15-42-12photo_2016-05-05_15-16-18

មតិយោបល់