ក្រចេះ: សិស្សសាលា៣នាក់ បានបាត់ខ្លួនកាលពីថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០១៦ រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ សាច់ញ្ញាតិ និងសមត្ថកិច្ចកំពុងបន្តរាវរកសាកសពសិស្សសាលាដែលបានបាត់ខ្លួន ដោយសង្ស័យលង់ទឹកនៅឆ្នេរខ្សាច់កោះទ្រុងទល់មុខទីរួមខេត្តក្រចេះ រហូតមកដល់ពេលនេះ គឺមិនទាន់រាវរកសាកសពឃើញនៅឡើយទេ។
ស្នងការនគរបាលខេត្តក្រចេះឧត្តមសេនីយ៍ត្រី លន់ សុផាត បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែធ្នូ នេះថា នៅព្រឹកនេះ លោកបានបញ្ជាកម្លាំងឲ្យចុះរុករកសាកសព ដែលសង្ស័យលង់ទឹកស្លាប់នៅឆ្នេរខ្សាច់កោះទ្រង់។
សូមរំលឹកថា ការបាត់ខ្លួនសិស្សទាំង៣នាក់នេះ គឺបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្រុងក្រចេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ បន្ទាប់ពីសិស្សចំនួន៣នាក់មករៀនដូចធម្មតា តែមិនឃើញត្រឡប់ទៅផ្ទះវិញ។ ចំណែកសមត្ថកិច្ចបានសន្និដ្ឋានថា សិស្សទាំង៣នាក់នោះ គឺអាចលង់ទឹកនៅឆ្នេរខ្សាច់កោះទ្រុង ព្រោះមានសម្ភារៈរបស់ពួកគេទាំងបីនាក់ គឺបានដោះទុករួមគ្នានៅក្បែរមាត់ទឹក។
សិស្សសាលាទាំង៣នាក់នោះ ទី១មានឈ្មោះ គង់ វាសនា ២.ឈ្មោះ ធារាជ និងទី៣ឈ្មោះ ហេង សុទ្ធ ជាសិស្សរៀននៅក្រុងក្រចេះ។
សូមញ្ជាក់ថា ក្រោយពីមានការបាត់ខ្លួន ក្រុមគ្រួសាររួម និងសមត្ថកិច្ច មានព្រះសង្ឃផងនោះ បាននាំគ្នាចុះរាវរកសាកសពនៅក្នុងទឹក រហូតដល់ម៉ោង១២អាធ្រាត្រយប់មិញនេះ នៅតែរកមិនឃើញ ទើបសមត្ថកិច្ចបានឲ្យអ្នកទាំងនោះផ្អាកការរាវរក ហើយនៅព្រឹកនេះបន្តការរាវរកម្តងទៀត៕












មតិយោបល់