ព័ត៌មានជាតិ

បុរសដែលចោរបាញ់ឲ្យរងរបួសធ្ងន់ក្នុងករណីប្លន់កាលពី៤ថ្ងៃមុន ពេលនេះស្លាប់ហើយ រីឯចោរនៅមិនទាន់ចាប់បាន!..

ភ្នំពេញ: បុរសម្នាក់ ដែលត្រូវក្រុមចោរប្លន់ មានគ្នាចំនួន៧នាក់ ប្រដាប់ដោយអាវុធវែងAK ចំនួន៦ដើម ចូលប្លន់ផ្ទះថៅកែស្រូវ និងបាញ់ឲ្យរបួសនោះ ពេលនេះបានស្លាប់បាត់បង់ជីវិតហើយកាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នេះ ខណ:ដែលក្រុមគ្រួសារបញ្ជូនត្រឡប់មកពីមន្ទីពេទ្យលោកសង្ឃមកផ្ទះវិញ ដោយបន្សល់ទុកប្រពន្ធឲ្យមេម៉ាយ និងកូនប្រុសស្រី៣នាក់ឲ្យនៅកំព្រា។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើមានឈ្មោះ រី សុភាព ហៅប៉ន អាយុ៤៣ឆ្នាំ មានប្រពន្ធឈ្មោះ ខេង សៀន អាយុ៤៨ឆ្នាំ មានកូនប្រុសម្នាក់ ស្រី២នាក់ស្នាក់នៅក្បែរ កន្លែងកើតហេតុខាងលើ។

គួរំឭកថា កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៧និង៤០នាទី យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិព្រៃក្រាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើង ដោយផ្តើមចេញពីក្រុមចោរ មានគ្នាចំនួន៧នាក់ ប្រដាប់ដោយកាំភ្លើង AKចំនួន៦ដើម ចូលទៅធ្វើសកម្មភាពប្លន់ផ្ទះប្រជាពលរដ្ឋ មួយកន្លែង ដែលជាថៅកែរោងម៉ាស៊ិនកិនស្រូវ។ហើយក្រុមចោរទាំងនោះ បានចាប់ម្ចាស់រោងម៉ាស៊ីនខាងលើចង និងយកស្កុតបិទមាត់ ជាប់មិនឲ្យស្រែក ព្រមទាំងបានបាញ់ប្រហារទៅលើបុរសម្នាក់ដែលត្រូវជាបងប្អូនជីដូនមួយ បណ្តាលឲ្យរងរបួសធ្ងន់ ខណ:ដែលគាត់បានសម្លេងជនរងគ្រោះស្រែកឲ្យជួយ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ។

ចំណែកក្រុមចោរបានរត់គេចខ្លួន ដោយបានប្រមូលយកទ្រព្យសម្បត្តិក្នុងផ្ទះជនរងគ្រោះ រួមមាន កងដៃប្លាទីនចំនួន៥ជីកន្លះ ,ក្រវិល ប្លាទីន១ជីកន្លះ, កងដៃប្លាទីនកូនក្មេងតម្លៃជាង១០០ដុល្លារ, ប្រាក់ដុល្លារ ចំនួន៥០០ដុល្លារ, កាតគ្រីរថយន្ត រួមនឹងអត្តសញ្ញាណផងដែរ។

រហូតមកដល់ពេលនេះជនរងគ្រោះបានស្លាប់បាត់ទៅហើយ ចំណែកឯក្រុមចោរ សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនបាននោះទេ៕

មតិយោបល់