ព័ត៌មានជាតិ

សមាគមអ្នកវាយតម្លៃអាស៊ាន ធ្វើសមាជ ក្រោមប្រធានបទ «អាស៊ានតែមួយ ស្ដង់ដារវាយតម្លៃតែមួយ»

ភ្នំពេញ : លោកបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ បានចូលរួមជាអធិបតីក្នុងពិធីសមាជលើកទី១៩ របស់សមាគមអ្នកវាយតម្លៃអាស៊ាន ក្រោមប្រធានបទ «អាស៊ានតែមួយ ស្ដង់ដារវាយតម្លៃតែមួយ» ដែលបានរៀបចំឡើងដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ក្នុងនាមជាប្រធានប្ដូរវេនរបស់សមាគមអ្នកវាយតម្លៃអាស៊ាន (AVA) និងជាម្ចាស់ផ្ទះតំណាងឲ្យប្រទេសកម្ពុជាផងដែរ។

សេចក្តីប្រកាសនោះបានឲ្យដឹងថា គោលបំណងនៃអង្គសមាជលើកទី១៩នេះ គឺដើម្បីផ្ដល់នូវយុន្ដកាលនៃការចែករំលែកព័ត៌មាន និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងចំណោមតំណាងមកពីវិស័យសាធារណៈ ឯកជន ស្ថាប័នវិជ្ជាជីវៈ អ្នកស្រាវជ្រាវ មជ្ឈដ្ឋានសិក្សា និងស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីធ្វើការពិភាក្សាអំពីបញ្ហាប្រឈម ដែលពាក់ព័ន្ធនឹងការវាយតម្លៃ លើប្រធាន «អាស៊ានតែមួយ ស្ដង់ដារវាយតម្លៃតែមួយ»។

អង្គសមាជនេះ អាចប្រព្រឹត្តទៅបានក្រោយរយៈពេល ៥ឆ្នាំ គិតចាប់តាំងពីប្រទេសកម្ពុជា រៀបចំបុរេសមាជលើកទី១៧ របស់សមាគមអ្នកវាយតម្លៃអាស៊ាន នៅឆ្នាំ២០១១ នៅខេត្តសៀមរាប។

ក្នុងរយៈកាលនេះ សមាជិករបស់សមាគមអ្នកវាយតម្លៃអាស៊ានទាំងអស់ មានការអភិវឌ្ឍន៍យ៉ាងខ្លាំងលើវិជ្ជាជីរៈវាយតម្លៃ ក្នុងនោះដែរ មានសមាជិកមួយចំនួន បានឈានដល់កម្រិតមួយ នៃការវិវត្តន៍កាន់ស្ដង់ដារអន្ដរជាតិ ។ ប្រធានបទ «អាស៊ានតែមួយ ស្ដង់ដារវាយតម្លៃតែមួយ» ឆ្លុះបញ្ចាំងអំពីទស្សនៈវិស័យរបស់សមាគមសេដ្ឋកិច្ចអាស៊ានរបស់យើង គឺ «ទស្សនៈវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមតែមួយ»។

សមាគមសេដ្ឋកិច្ចអាស៊ាន គឺស្ថាប័នសេដ្ឋកិច្ច និងនយោបាយ ដែលកំពុងស្ទុះឡើង និងជាកម្លាំងចលកមួយយ៉ាងសំខាន់ ក្នុងបរិបទសេដ្ឋកិច្ច និងនយោបាយ ដោយសមាគមទាំងមូល មានប្រជាជនសរុបទាំងអស់ចំនួន ៦០០លាននាក់ និងទំហំតម្លៃទីផ្សារសរុបមានចំនួន ២,៦ពាន់លានដុល្លារអាមេរិក និងកំណើនជាមធ្យមចំនួន ៤,៩%។

ជាការរំពឹងនៅឆ្នាំ២០១៦នេះ សមាគមអាស៊ាន គឺជាទីផ្សារដែលកំពុងងើបឡើង និងទាក់ទាញការវិនិយោគជាសាកល និងដើរតួនាទីជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចអាស៊ី។ ការបង្កើតស្ដង់ដារវាយតម្លៃអាស៊ាន ពុំមែនជាកិច្ចការដ៏ងាយស្រួលឡើយ ដែលតម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងទាំងពេលវេលា និងកម្លាំងចិត្ត ដើម្បីឈានទៅដល់កិច្ចព្រមព្រៀង អនុវត្តជាសាកលសម្រាប់សមាជិកអាស៊ានទាំងអស់ ដែលស្ថិតនៅក្នុងដំណាក់កាលផ្សេងគ្នា ទាំងការអភិវឌ្ឍន៍ក្នុងគ្រប់ខណ្ឌច្បាប់ និងបទបញ្ញត្តិ។

អង្គសមាជកលើកទី១៩នេះ នឹងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការដ៏ជិតស្និតក្នុងចំណោមសមាជិកទាំងអស់ ក្នុងការរួមគ្នាអភិវឌ្ឍន៍វិជ្ជាជីវៈ នៅក្នុងវិស័យវាយតម្លៃ ក៏ដូចជាការលើកកម្ពស់សមាគមអ្នកវាយតម្លៃអាស៊ាន ឲ្យក្លាយទៅជា សមាគមតែមួយ នៅក្នុងតំបន់ និងឆាកអន្ដរជាតិ៕

Asian0505161 Asian0505162 Asian0505163

មតិយោបល់