ភ្នំពេញ: បន្ទាប់ពីបានអនុវត្តគម្រោងបិទចរាចរណ៍ផ្លូវមុខប្រាសាទអង្គរវត្តជិតមួយសប្តាហ៍កន្លងមកនេះ គេសង្កេតឃើញថា ពិតជាមានការគាំទ្រ ពេញទំហឹងពីប្រជាពលរដ្ឋ អាជីវករ អ្នកប្រករបរដឹកជញ្ជូនភ្ញៀវទេសចរណ៍ មគ្គុទេសទេសចរណ៍ ភ្ញៀវទេសចរណ៍ និងផ្នែកពាក់ព័ន្ធផ្សេងទៀតដែលធ្វើការងារពាក់ព័ន្ធវិស័យទេសចរណ៍នៅតំបន់ប្រវត្តិសាស្រ្តមួយនេះ។
ឆ្លងតាមកិច្ចពិភាក្សាជាច្រើនលើករវាងអាជ្ញាធរជាតិអប្សរា និងផ្នែកពាក់ព័ន្ធនានាក៏ដូចជាបានផ្សព្វផ្សាយ ជូនដំណឹងជាមុន ដល់វិស័យសាធារណៈ និងវិស័យពាក់ព័ន្ធផ្សេងៗនាពេលកន្លងមក គម្រោងបិទចរាចរណ៍ផ្លូវមុខប្រាសាទអង្គរវត្ត ចាប់ផ្តើមរយៈ ៥ថ្ងៃហើយ ដោយគិតចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០១៦មកដល់ពេលនេះ។
អគ្គនាយករងអាជ្ញាធរជាតិ អប្សរា និងជាប្រធានក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេចរណ៍អង្គរ លោក សុខ សង្វា មានប្រសសន៍ថា “មកដល់ពេលនេះមានរយៈពេល៥ថ្ងៃហើយ ដែលយើងបានអនុវត្តគម្រោង ផ្អាកការធ្វើចរាចរ ផ្លូវនៅមុខ ប្រាសាទអង្គរ តាមរយៈនេះក៏យើងបាន ឃើញមានការគាំទ្រនិងសប្បាយចិត្តជាច្រើនពីសាធាណរៈជន ប្រជាពលរដ្ឋ អ្នកមគ្គុទេស អ្នកបើកបរក៏ដូចជាភ្ញៀវទេសចរណ៍ដែលបានមកកំសាន្តនៅទីនេះមានអារម្មណ៍ថា មានភាពទូលាយជាងមុននិងមាន សណ្តាប់ធ្នាប់ ល្អជាងមុន”។
អគ្គនាយករងរូបនេះបន្តថា ជំហានទី២នឹងរៀបចំកែំអរលើកសោភណ្ឌភាពនៅមុខប្រសាទអង្គរវត្តដោយមានផែនការដាំស្មៅបន្ថែម ដោយរៀបចំប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្តិដើម្បីរក្សាភាពបៃតងនៅខាងមុខប្រាសាទអង្គរវត្ត។ ក្រៅពីនេះអាជ្ញាធរជាតិអប្សរា ក៏នឹងរៀបចំដាក់បង់អង្គុយបន្ថែម ដាក់ធុងសំរាមបន្ថែម ដាំផ្កានិងដើមឈើណាដែលសមស្របនៅតំបន់អង្គរ ដោយមានអ្នកជំនាញ មកពិនិត្យពីស្ថានភាពនិងទីតាំងសម្រាប់ការដាំផ្កា និងឈើទាំងនោះឱ្យសមនិងគុណតម្លៃនៃប្រសាទអង្គរវត្តរបស់យើង។
លោក នួន សារិទ្ធ តំណាងសមាគអ្នករត់រឺម៉កកង់បីបានលើកឡើងថា ពីមុននៅខាងមុខអង្គរ កន្លែងជណ្តើរឡើងប្រាសាទ មានភាពរញ៉េរញ៉ៃនិងគ្មានសណ្តាប់ធ្នាប់ ប៉ុន្តែក្រោយពីរៀបចំរួចមកគេឃើញ ទិដ្ឋភាពនៅតំបន់នេះមានភាពល្អប្រសើរបញ្ជៀសបាន នូវការកកស្ទះចរាចរណ៍ និងមានភាពងាយស្រួល សុវត្ថិភាព ដល់ភ្ញៀវទេសចរណ៍ ក្នុងការដើរលេងកំសាន្ត និងមើលទេសភាពដ៏ស្រស់ស្អាតរបស់ប្រាសាទអង្គរ៕
មតិយោបល់