ភ្នំពេញៈ បុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ខណៈជិះបុកគ្នា ហើយដួលចូលរថយន្ត ហើយទាំងរថយន្តនិងម៉ូតូម្ខាងទៀតបើកគេចអស់ សល់តែជនរងគ្រោះម្នាក់ឯង។ ករណីនេះកើតឡើងនៅរសៀលថ្ងៃទី២៦ កញ្ញានេះ ត្រង់ចំណុចផ្លូវបេតុងក្បែបុរីវ៉ាលីណា ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សួង សុភក្តី អាយុ២១ឆ្នាំ មុខរបរជាងអេឡិចត្រូនិច ស្នាក់នៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូហុងដា សេ១២៥ មួយគ្រឿងពណ៌ខ្មៅមិនចាំស្លាកលេខ បើកម្នាក់ឯងក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចបានទៅបុកជាមួយម៉ូតូជនរងគ្រោះម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅស៊េរី២០១៣ពាក់ស្លាកលេខភ្នំពេញ 1CC-4348 បើកបរក្នុងទិសដៅពីលិចទៅកើត បណ្តាលឲ្យដួលទាំង២ ស្របពេលនោះមានរថយន្តកូរ៉េប្រភេទដឹកទំនិញ បើកមកពីលិចទៅកើតក៏កិនថែម បណ្ដាលឲ្យរងរបួសធ្ងន់។
ក្រោយកើតហេតុអ្នកបើកម៉ូតូបង្កបានលើកបើករត់បាត់ ដោយឡែករថយន្តដែលកិននោះក៏បានបើកគេចខ្លួនបាត់ស្រមោលដែរ។ បន្តិចក្រោយមកជនរងរគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យធំហៅពេទ្យ១.៧៩ ។ ចំណែកម៉ូតូជនរងគ្រោះត្រូវបាននគរបាលខណ្ឌសែនសុខយកមករក្សាទុកនៅអធិការខណ្ឌ៕


មតិយោបល់