ព័ត៌មានជាតិ

ដាក់ពន្ធនាគារមេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងបក្ខពួក២នាក់ ក្នុងម្នាក់៥ឆ្នាំ

ភ្នំពេញ: នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក គឹម រ័ត្នណារិន ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទចំនួន៣នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយ:ពេល៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ពីបទរក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នូវគ្រឿងញៀនសរុបចំនួន ១៩,០៥ក្រាម មានសារធាតុសុទ្ធ៨០,៩៧ភាគរយ ប្រព្រឹត្តនៅភូមិស្ទឹងត្រែង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ៤០ និងមាត្រា៤៥នៃច្បាប់ស្តីពីការបង្ក្រាបគ្រឿងញៀន។ ទោះជាយ៉ាងណាក៏ដោយ តុលាការមិនបានផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធ និងសំណុំរឿងកាន់កាប់អវុធខុសច្បាប់នោះទេ បើទោះជាសំណុំរឿងមួយនេះសមត្ថកិច្ចបានដកហូតអាវុធខ្លីដល់ទៅពីរដើមពីជនជាប់ចោទក៏ដោយ។

ជនជាប់ចោទនៃសំណុំរឿងនេះរួមមាន៖ ១.ឈ្មោះ លីវ សឺ ភេទប្រុស អាយុ ៤៣ឆ្នាំ គឺជាមេក្លោងក្នុងសំណុំរឿងជួញដូរគ្រឿងញៀនជិត៥៥គីឡូមួយទៀតផងដែរ ដែលកំពុងរងចាំតុលាការប្រកាសសាលក្រមនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ខាងមុខ។ ២. ឈ្មោះ ហេង ស៊ីម ភេទប្រុស អាយុ២៥ឆ្នាំ។ ៣. ឈ្មោះ អួន ប្រុសមឿន ភេទប្រុស ជាភ្នាក់ងារសម្ងាត់របស់សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារជាមួយលោក មឹក ដារ៉ា អតីតប្រធានមន្ទីរប្រឆាំងគ្រឿងញៀន។

នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦កន្លងទៅឈ្មោះ លីវ សឺ បានសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនក្នុងតម្លៃ៦០០ដុល្លារមកទុកជក់ និងចែកគ្នាជក់មែន។ ជនជាប់ចោទបានបញ្ជាក់ថា នៅថ្ងៃឃាត់ខ្លួនសមត្ថកិច្ចបានដកហូតអាវុធខ្លីម៉ាក ឡុក១ដើម និងម៉ាក ប្រាហា១ដើម ដែលអាវុធនោះខ្លួនទិញទុកពេលចូលធ្វើទាហាន។ ខ្លួនបានទទួលប្រាក់បញ្ញើចំនួន២០ម៉ឺនដុល្លារពីឈ្មោះ លឹម ទ្រី ដើម្បីផ្ញើឲ្យបុរសម្នាក់មិនស្គាល់ឈ្មោះ ប៉ុន្តែមិនទាន់បានប្រគល់ប្រាក់ផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តងទៅ។

ជនជាប់ចោទឈ្មោះ ហេង ស៊ីម បានបដិសេធថា ខ្លួនមិនដឹងរឿងគ្រឿងញៀនទេ ហើយខ្លួនក៏មិនស្គាល់ឈ្មោះ លីវ សឺ ដែរ។ ជនជាប់ចោទបានបន្តថា ខ្លួនបានទៅស្ទឹងត្រែងជាមួយឈ្មោះ ប្រុស មឿន ដើម្បីដើរលេងចូលឆ្នាំ ប៉ុន្តែឈ្មោះ ប្រុស មឿន បាននាំទៅជួបឈ្មោះ លីវ សឺ ដើម្បីហូបបាយនៅក្រោយពេលហូបបាយរួច អ្នកទាំងពីរនាក់បាន នាំខ្លួនជក់គ្រឿងញៀន។ ក្រោយមកស្រាប់តែមានសមត្ថកិច្ចឃាត់ខ្លួនទាំងអស់គ្នាតែម្តង។

យោងតាមអំណាចចម្លើយរបស់ជនជាប់ចោទឈ្មោះ អួន ប្រុសមឿន បានឲ្យដឹងថា ខ្លួនជាភ្នាក់ងារសម្ងាត់របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលត្រូវបានបញ្ជូនទៅសហការជាមួយឈ្មោះ លីវ សឺ ដើម្បីស្រាវជ្រាវចាប់ខ្លួនមេក្លោងធំ ព្រោះឈ្មោះ លីវ សឺ បានរកស៊ីជួញដូរគ្រឿងញៀនជាមួយជនជាតិចិន នៅក្នុងកាស៊ីណូណាហ្គាវើល។ ក្រោយពីបានសហការរកស៊ីគ្រឿងញៀនជាមួយឈ្មោះ លីវ សឺ ខ្លួនបានរាយការណ៍ទៅមន្ទីរប្រឆាំងគ្រឿងញៀនរហូតឈានដល់ការឃាត់ខ្លួនតែម្តង៕

មេក្លោងគ្រឿងញៀន (1)

មេក្លោងគ្រឿងញៀន (2)

មតិយោបល់