ព័ត៌មានជាតិ

គ្រោះរាំងស្ងួត! ពលរដ្ឋនៅស្រុកអូរជ្រៅ ប្រឈមនឹងខ្វះខាតទឹកប្រើប្រាស់

បន្ទាយមានជ័យៈ លោក ជូ សុភ័ណ សមាជិកក្រុមប្រឹក្សាឃុំអូរបីជាន់នៃស្រុកអូរជ្រៅបាននិយាយថា ប្រជាពលក្នុងឃុំរបស់លោកបាននឹងកំពុងប្រឈមអត់ទឹកប្រើប្រាស់ហើយ។លោកថា យ៉ាងហោចណាស់ប្រជាពលរដ្ឋចំនួន២០ភូមិ ក្នុង៣ឃុំ គឺមាន​ឃុំអូរបីជាន់ ឃុំសូភី និងឃុំសឹង្ហ ដែលកំពុងប្រឈមបញ្ហានេះ។

លោក នួន ជួម មេភូមិអូរបីជាន់ និងលោក ទន ប្រុស មេភូមិថ្នល់បត់ បានឲ្យ​ដឹងថា ថ្វីត្បិតតែគោលនយោបាយរដ្ឋាភិបាលបានដាក់ចេញឲ្យ​មានការកាយជីកអណ្តូងខ្នាតយក្ស ដើម្បីរក្សាទុកទឹកសម្រាប់ប្រើប្រាស់ តែជាអកុសលឆ្នាំនេះភ្លៀងតិច ហើយធ្លាក់មិនសូវចំស្រុកនិងភូមិរបស់លោកទៀត ជាហេតុធ្វើឲ្យ​ទឹកតាមអណ្តូង បឹង មិនសូវមាន។ លុះរដូវប្រាំងចូលមកដល់ធ្វើឲ្យ​ពលរដ្ឋតាមមូលដ្ឋានសហគមន៍ប្រឈមខ្លាំងទៅនឹងកង្វះទឹកប្រើប្រាស់ ហើយក្នុងនោះស្រូវធ្ងន់ប្រមាណជិត៣០០០ហិតា ក៏អាចប្រឈមនឹងការខូចផងដែរ ខណៈដែលមិនមានទឹកគ្រប់គ្រាន់។

លោកមេភូមិទាំងពីរខាងលើបានបញ្ជាក់ថា បច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋមួយចំនួនធំដែលមានលទ្ធភាពបានទិញទឹកតាមរថយន្តយកមកប្រើប្រាស់ រីឯអ្នកដែលមានជីវភាពខ្សត់ខ្សោយ គឺនាំគ្នាដឹកតាមកង់ម៉ូតូយកមកប្រើប្រាស់ប្រចាំថ្ងៃ។ លោកថា កន្លងមកមានអង្គការសុម៉ារីតាន់បានមកទំនាក់ទំនង ដើម្បីជួយជីកអណ្តូងទឹកជូនប្រជាពលរដ្ឋ តែក្រោយមកក៏ស្ងាត់ឈឹងអត់ឃើញដំណើរការសោះ៕

មតិយោបល់