ថៃៈ យ៉ាងហោចណាស់មានពលករខ្មែរ ស្លាប់នៅនឹងកន្លែងកើតហេតុ២នាក់ និងរងរបួសប្រមាណជិត៤០នាក់ ខណៈពួកគេកំពុងធ្វើដំណើរតាមរថយន្តចាកចេញពីចំការ បេះផ្លែមៀនឆ្ពោះទៅកន្លែងស្នាក់នៅ ហើយបានជួបប្រទះនឹងករណីគ្រោះថ្នាក់ចរាចរណ៍។
សមត្ថកិច្ចប្រទេសថៃបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចភូមិណឺនថង ឃុំតាមូល ស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រទេសថៃ។
សមត្ថកិច្ចថៃបានបន្តថា គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្តប្រភេទដឹកទំនិញកង់១០ បុកជាមួយរថយន្តនីសាន់ ដែលដឹកកម្មករខ្មែរចេញពីចំការបេះផ្លែមៀនឆ្ពោះទៅកាន់ទីតាំងស្នាក់នៅ។
ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានថៃបានចេញប្រតិបត្តិការហៅរថយន្តសាមុយរបស់មន្ទីរពេទ្យនានា ដឹកជនរងគ្រោះសរុបចំនួន៣៨នាក់ទៅកាន់មន្ទីរពេទ្យសយដាវ មន្ទីរពេទ្យ ពោងណាំរ៉ន និងមន្ទីរពេទ្យប្រាក់ប៉ុកខ្លៅ ដើម្បីធ្វើការសង្គ្រោះ។ ចំណែកអត្តសញ្ញាណពលករទាំងនោះ យើងមិនទាន់ទទួលបាននៅឡើយទេ ហើយអ្នករបួសទាំងនោះអាចមានអ្នកស្លាប់បន្ថែមទៀតដែរ ឬយ៉ាងណានោះឡើយ៕
មតិយោបល់