ត្បូងឃ្មុំៈ បុរសស្រវឹងស្រាម្នាក់ បានជិះម៉ូតូទៅផ្ទះមិត្តភក្តិសួររកទូរសព្ទរបស់ខ្លួន តែរកមិនឃើញ ហើយក៏យកគ្រាប់បែកញាត់ក្នុងទ្រូងមិត្តភក្តិ បណ្ដាលឲ្យផ្ទុះស្លាប់ទាំង២នាក់។ ករណីនេះ កើតឡើងកាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិត្របែក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុជនបង្កឈ្មោះ សំ សារ៉ាត ហៅជា ស្ថិតក្នុងស្ថានភាពស្រវឹងជោក បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ីរ៉ូស ពណ៌ក្រហមលាយខ្មៅ ដោយភ្ជាប់មកជាមួយនូវគ្រាប់បែកមួយគ្រាប់ រួមមកឈប់មុខផ្ទះឈ្មោះ សូ ណាក់ អាយុ៤១ឆ្នាំ ហើយបានជួបជនរងគ្រោះឈ្មោះ ខុញ ខា អាយុ៤៣ឆ្នាំ ដែលជាមិត្តភក្តិ ហើយសួររកទូរសព្ទរបស់ខ្លួន ប៉ុន្តែឈ្មោះខា ឆ្លើយថា មិនឃើញ រួចជនបង្កជិះម៉ូតូចេញទៅវិញមួយសន្ទុះ។
នគរបាលបន្ដថា លុះពេលត្រឡប់មកវិញ ជនបង្កបានយកគ្រាប់បែកមកដាក់ញាត់ក្នុងទ្រូងឈ្មោះ ខា រួចនិយាយថា «បើឯងស្រលាញ់គ្នា យើងងាប់ទាំងអស់គ្នា» ថា រួចជនបង្កក៏បានដកគ្រាប់បែកចេញ បណ្ដាលឲ្យផ្ទុះស្លាប់ទាំង២នាក់ភ្លាមៗតែម្ដង។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវបន្ដ និងប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់