ព័ត៌មានជាតិ

យុវជនម្នាក់ ត្រូវក្រុមក្មេងស្ទាវកាប់ប្រហារ បណ្តាលឲ្យរបួសធ្ងន់

ភ្នំពេញៈ យុវជនម្នាក់ រងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរហូរឈាមដាប ពេញខ្លួន ក្រោយពីត្រូវក្រុមក្មេងស្ទាវជិះម៉ូតូប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃ ដេញកាប់ប្រហារគ្មានប្រណីដៃ។

ប្រភពព័ត៌មានពីមិត្តភក្តិរបស់ជនរងគ្រោះឈ្មោះ ជូញ សុខរិទ្ធ អាយុ ២០ ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា៦នាក់ ស្រី២នាក់ ប្រុស៤នាក់ ជិះម៉ូតូ២គ្រឿងឌុបគ្នា ម៉ាកស៊ុយសាគីនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1GA-4273 និងមួយទៀតម៉ាកស៊ុយសាគីនិចដូចគ្នា ពណ៌ស ពាក់ស្លាកលេខ 1CU-4747 ដោយពួកទើបតែជិះម៉ូតូចេញពីក្លឹបកម្សាន្តមួយកន្លែង ដែលមានយីហោ TOP CUP ក្នុងបំណងនាំគ្នាជិះម៉ូតូ ត្រលប់មកផ្ទះវិញតាមផ្លូវលេខ ៣៣៦ ។ លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៥ នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកស៊ុយសាគីនិច ពណ៌ស ជិះគ្នា៣នាក់ និងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះឌុបគ្នា២នាក់ ប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃ មកកាប់ប្រហារលើពួកគេ បណ្តាលឲ្យឈ្មោះ ផាន ធៀត អាយុ២០ ឆ្នាំ ដែលអង្គុយពីក្រោយ ត្រូវមួយដាវចំកណ្តាលក្បាលរងរបួសយ៉ាងធ្ងន់ធ្ងរ។ ដោយសារតែភ័យពេក ពួកខ្លួនដែលជាក្រុមជនរងគ្រោះ បាននាំគ្នាព្យាយាមជិះម៉ូតូគេចខ្លួនមកឲ្យឯងជួយ។ ក្រោយមកក្រុមមិនស្គាល់មុខដែលកាប់ប្រហារមកលើពួកគេហើយនោះ ក៏ប្រញាប់ជិះម៉ូតូទៅបាត់អស់តែម្តង ។

ក្រោយពីកើតហេតុ ក្រុមជនរងគ្រោះ បានដឹកជនរងគ្រោះដែលជាមិត្តភក្តិដែលរងរបួសធ្ងន់ មកសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណា ជនរងគ្រោះក៏មិនដឹងថាមូលហេតុនៅឡើយ ថាហេតុអ្វីទើបជនសង្ស័យមួយក្រុមនោះ មកដេញកាប់ប្រហារមកលើពួកគេ ឬមួយចង់ក៏កាប់ប្លន់យកម៉ូតូ។ទាក់ទងនឹងករណីខាងលើ សមត្ថកិច្ចក៏បានចុះសួរនាំជនរងគ្រោះនៅមន្ទីរពេទ្យផងដែរ៕

មតិយោបល់