ក្រុមហ៊ុន Apple កំពុងជាប់ចោទក្នុងសំណុំរឿងក្តីរដ្ឋប្បវណីមួយពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍កាលពី ៣ ឆ្នាំមុន ដែលបណ្តាលឱ្យក្មេងស្រីវ័យ ៥ ឆ្នាំម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអធម ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក។
ឳពុកម្តាយក្មេងស្រីរងគ្រោះបានប្តឹងក្រុមហ៊ុនផលិត iPhone ថាមិនបានដាក់ចេញមុខងារចាក់សោកម្មវិធី FaceTime លើផលិតផលទូរស័ព្ទដៃរបស់ខ្លួន ក្នុងពេលអ្នកប្រើប្រាស់កំពុងបើកបរ ខណៈមុខងារនេះ ត្រូវបានក្រុមហ៊ុនចុះក្នុងបញ្ជីប៉ាតង់រួចទៅហើយ។
ឳពុកម្តាយក្មេងស្រីរងគ្រោះចោទថា iPhone 6 របស់ជនបង្ក គឺជាអ្នកខុស ដោយសារតែវាជាដើមចមនៃឧបត្តិវហេតុគ្រោះថ្នាក់។ ពោលគឺ គ្រោះថ្នាក់នោះ បណ្តាលមកពីអ្នកបើកបរដែលមានវ័យ ២០ ឆ្នាំ ប្រើប្រាស់មុខងារ FaceTime និយាយឆ្លើយឆ្លងឃើញមុខគ្នា ក្នុងពេលកំពុងបើកបរ។
នៅក្នុងពាក្យបណ្តឹងនោះដែរ Apple មិនត្រូវបានប្តឹងឱ្យដាក់បន្ថែមមុខងារចាក់សោកម្មវិធី FaceTime ក្នុងពេលអ្នកប្រើប្រាស់កំពុងបើកបរសម្រាប់ iPhone ជំនាន់បច្ចុប្បន្ន ឬបន្ទាប់នោះទេ ក្រៅពីប្តឹងទារសំណងថ្លៃខូចខាត ការចំណាយលើថ្លៃពេទ្យ និងថ្លៃផ្សេងៗទៀត តាមការកាត់សេចក្តីរបស់តុលាការប៉ុណ្ណោះ៕
ប្រភពព័ត៌មាន៖ appleinsider
មតិយោបល់