ភ្នំពេញៈ បុរសវ័យចំណាស់ជាជាងសំណង់ម្នាក់ ត្រូវបានជនដំឡាន់ ថ្លង់ម្នាក់ ជាកម្មករសំណង់រួមការងារ ជាមួយគ្នា វាយនឹងដំបងឈើជ្រុង បណ្ដាលឲ្យបែកក្បាលស្លាប់នៅក្នុងអង្រឹង ព្រោះតែរឿងជំពាក់ប្រាក់។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្នុងការដ្ឋានសំណង់មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ គា ហ៊ត អាយុ៤៩ឆ្នាំ មុខរបរជាងសំណង់ផ្នែកជាងពុម្ព មានស្រុកកំណើតនៅក្នុងភូមិរំលេចស្វាយ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកជនដៃដល់ជាមនុស្សដំឡាន់ ហើយថ្លង់ មានឈ្មោះ ឈិន បូរី ហៅ ចក់ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅក្នុង ស្រុកសំរោង ខេត្តតាកែវ។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះបានជំពាក់លុយជនដៃដល់ចំនួន៤ម៉ឺនរៀល ដោយឡែកនៅមុនពេលកើតហេតុ ជនដៃដល់បានទារលុយ ជនរងគ្រោះប្រាប់ថា គ្មានលុយទេ ហើយថែមទាំងទាត់ជនដៃដល់មួយជើងថែមទៀត ធ្វើឲ្យជនដែដល់ខឹង ក៏ដើរចេញទៅបាត់ ក្រោយមកជនរងគ្រោះផឹកស្រវឹងបានចូលទៅដេកនៅក្នុងអង្រឹង ក៏ត្រូវជនដៃដកលយកដំបងឈើជ្រុងវាយ ខណៈជនរងគ្រោះដេកក្នុងអង្រឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង។
ប្រភពដដែលបានបន្តទៀតថា ក្រោយវាយសម្លាប់ជនរងគ្រោះរួច ជនដៃដល់មិនដឹងថា ជនរងគ្រោះស្លាប់ទេ ក៏បានជិះរថយន្តទៅដេកនៅឯស្រុកសំរោង ខេត្តតាកែវ និងទៅហូបនំបញ្ចុកនៅទីនោះ រហូតព្រឹកថ្ងៃទី២ ខែមករា ទើបជិះរថយន្តត្រឡប់មកការដ្ឋានសំណង់វិញ និងធ្វើការជាធម្មតា ដោយមិននឹកស្មានថា គេដឹងនោះទេ។ ចំណែលសាកសព ត្រូវបានកម្មករសំណង់ប្រទះឃើញស្លាប់ និងបានរាយការណ៍ប្រាប់ នគរបាល ហើយលោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះទៅអន្ត រាគមន៍ ហើយសង្ស័យទៅលើជនដំឡាន់ម្នាក់នោះ ក៏បានឃាត់ខ្លួនសាកសួរ ទើបជននោះសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះប្រាកដមែន ។
បច្ចុប្បន្នជនដៃដល់ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
មតិយោបល់