ខណៈពិភពលោក កំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតសកលកូវីដ-១៩ ដែលបច្ចុប្បន្នសម្លាប់មនុស្សជិត២,៧លាននាក់ហើយនោះ ប្រទេសជាច្រើន បានដណ្ដើមគ្នាទិញវ៉ាក់សាំងស្តុកទុកដើម្បីចាក់ពលរដ្ឋខ្លួន។ ទង្វើនេះ បានបង្កើតទៅជាអ្វីដែលអង្គការសុខភាពពិភពលោកព្រមានប្រឆាំង «វ៉ាក់សាំងជាតិនិយម»។
ប្រទេសតូចៗ ហាក់ចាញ់ប្រៀបពួកប្រទេសធំៗ ដោយម្យ៉ាងពួកប្រទេសអ្នកមានទាំងនោះ សម្បូរទ្រព្យធុន ថែមទាំងមានទឹកមាត់ប្រៃក្នុងការបង្កើតកិច្ចព្រមព្រៀងទ្វេភាគីជាមួយបណ្ដាក្រុមហ៊ុនផលិតវ៉ាក់សាំងផងដែរ។
វ៉ាក់សាំង កូរ៉ូណាវ៉ាក់ របស់ក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ នេះ ត្រូវបានធ្វើពិសោធន៍ទាំងបីដំណាក់កាល ក្នុងប្រទេសជាច្រើន នៅជុំវិញពិភពលោក។ ទិន្នន័យពីការពិសោធន៍ដំណាក់កាលចុងក្រោយ ក្នុងប្រទេស តួកគិ បានបង្ហាញថា វ៉ាក់សាំងនេះ មានប្រសិទ្ធភាពរហូតដល់ ៩១% ខណៈឥណ្ឌូណេស៊ី រកឃើញថាមានប្រសិទ្ធភាព ៦៥% ប្រឆាំងកូវីដ-១៩។ នេះបើតាមទូរទស្សន៍អង់គ្លេស BBC ។
ចំណែក អ្នកស្រាវជ្រាវក្នុងប្រទេស ប្រេស៊ីល បានប្រកាសថា វ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ នេះ មានប្រសិទ្ធភាព ៧៨% ប្រឆាំងជំងឺកូវីដ-១៩ ។ មែនទែនទៅ អ្នកជំនាញវេជ្ជសាស្រ្ត អះអាងថា ការរកឃើញប្រសិទ្ធភាពខុសគ្នានេះ មួយផ្នែកក៏អាចអាស្រ័យមកពីចំនួនអ្នកចូលរួមក្នុងការពិសោធន៍អភិវឌ្ឍវ៉ាក់សាំងនេះផងដែរ តែបានសង្កត់ធ្ងន់ពីសុវត្ថិភាពក្នុងការប្រើប្រាស់វ៉ាក់សាំងចិនមួយនេះ។
ជារួមទៅ ក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ បានប្រកាសថា វ៉ាក់សាំងខ្លួន មានប្រសិទ្ធភាពចន្លោះពី៨០ ទៅ ៩០ភាគរយប្រឆាំងជំងឺកូវីដ-១៩ ក្នុងចន្លោះពេល ២ខែ ក្រោយចាក់២ដូសរួចរាល់។ នេះបើតាមកិច្ចសម្ភាសរបស់កាសែត Global Times ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនស៊ីណូវ៉ាក់ លោក យីន វៃដុង (Yin Weidong) កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ។ យ៉ាងណា ក្រុមហ៊ុនចិននេះ កំពុងពិនិត្យអត្រាការពារ ក្រោយពេល៦ខែផងដែរ។
ចំណុចពិសេសរបស់វ៉ាក់សាំងនេះ គឺងាយទុកដាក់ បើធៀបនឹងវ៉ាក់សាំងអាមេរិកអាល្លឺម៉ង់ Pfizer-BioNTech ដែលតម្រូវសីតុណ្ហភាពរហូតដល់ – ៧០អង្សាសេ ខណៈវ៉ាក់សាំងស៊ីណូវ៉ាក់វិញ អាចរក្សាទុកក្នុងសីតុណ្ហភាពទូរទឹកកកធម្មតាចន្លោះពី ២-៨អង្សាសេ ប៉ុណ្ណោះ។
ប្រភព៖ clicknews.com.kh
មតិយោបល់