ភ្នំពេញៈ ជនសង្ស័យ ពាក់នឹងថ្នាំញៀនម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងរាជអាវុធហត្ថស្រុកមុខកំពូល និងកម្លាំងជំនាញអាវុធហត្ថខេត្ត ក្រោមការដឹក និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ចុះបង្ក្រាប និងឃាត់ខ្លួនជាក់ស្ដែងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆោម ដារា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅចំណុចកើតហេតុខាងលើ ព្រមទាំងដកហូត ថ្នាំញៀន (ម៉ាទឹកកក) ២កញ្ចប់ធំ -ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង -សម្ភារៈជក់ និងវេចខ្ចប់មួយចំនួន -ម៉ូតូម៉ាកឌូក១គ្រឿង។
លោកបន្តថា បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យ និងដោយមានការសម្របសម្រួលពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាខេត្តកណ្តាល និងមានការសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តឆែកឆេរផ្ទះប្រពន្ធជនសង្ស័យស្ថិតនៅភូមិចំបកមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វាក្រុងភ្នំពេញ ឆែករកឃើញសម្ភារៈជក់ និងវេចខ្ចប់មួយចំនួន សរុបបានចំនួន៥កញ្ចប់ធំ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវកម្លាំអជំនាញកងរាជអាវុធខេត្ត និងស្រុក កំពុងកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តនីតិវិធីតាមច្បាប់៕
មតិយោបល់