ព័ត៌មានជាតិ

ពលរដ្ឋស្រុកស្អាង តវ៉ាក្រុមហ៊ុនបូមខ្សាច់បាក់ដីច្រាំងទន្លេរ ដែលកំពុងតែផ្គើនអាជ្ញាធរ!

កណ្តាល: នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ ប្រជាពលរដ្ឋជា ច្រើនគ្រួសារដែលរងផលប៉ះពាល់ពីការបូមខ្សាច់រស់នៅតាមដងទន្លេបាសាក់ បានដង្ហែ បដា តាមផ្លូវជាតិ២១អា ក្នុង ភូមិកោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មូលហេតុដោយសារក្រុមហ៊ុនបូមខ្សាច់មួយចំនួន បានបូមជិតច្រាំងពេកបណ្តាលឲ្យ ញ័រដីប្រេះស្រាំផ្ទះពួកគាត់ ហើយខ្លះទៀតបានបាក់ស្រុតចូលទន្លេបាសាក់នាពេលកន្លងមក ដោយសារតែហេតុនេះទើបពួកគាត់នាំគ្នាមកតវ៉ាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយរកតំណោះស្រាយជូនពួកគាត់ ។

ប្រជាពលរដ្ឋបានប្រាប់Post Newsថា ពួកគាត់លើកគ្នាមកពេលនេះ គឺដើម្បីសំណូមពរឲ្យបញ្ឈប់នូវរាល់សកម្មភាពបូមខ្សាច់ នៅតំបន់នេះ ព្រោះពួក គាត់កំពុងតែរស់នៅដោយភាពភ័យខ្លាច ដោយសារតែកាលពីកន្លងទៅនេះ ច្រាំងទន្លេបានបាក់លំនៅដ្ឋានប្រជាពលរដ្ឋអស់ចំនួន៩គ្រួសារមកហើយ ហើយថែមទាំងបាក់ដល់ថ្នល់ទៀត។

ប្រភពដដែលបន្តទៀតថា ប្រជាពលរដ្ឋបានមករស់នៅតាមមាត់ទន្លេនេះជាង២០ឆ្នាំមកហើយ ពុំដែលជួបបញ្ហាការបាក់ច្រាំងដូច្នេះទេ ទើបតែមានក្រុមហ៊ុនបូមខ្សាច់នៅម្តុំនេះជាង១ឆ្នាំមក ហើយក៏កើតមានការបាក់ស្រុតជាបន្តបន្ទាប់ ពួកគាត់ក៏ធ្លាប់ជម្រាបទៅមេភូមិដែរ ថែមទាំងបានទូរសព្ទទៅក្រសួងរ៉ែ និងថាមពលថែមទៀតផង ប៉ុន្តែបានត្រឹមចម្លើយថាក្រុមហ៊ុនដែលបូមខ្សាច់ទាំងនោះ គឺសុទ្ធតែមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងបូមដើម្បីស្តារទន្លេសម្រួលផ្លូវទឹក។

ទាក់ទងនឹងបញ្ហានេះ លោកអភិបាលស្រុកស្អាងបានបានលើកថា រាល់គ្រួសារដែលរងផលប៉ះពាល់កាលពីពេលកន្លងមកមានចំនួន៩គ្រួសារ ក៏បានដោះស្រាយទីលំនៅថ្មី ថែមទាំងជូនថវិការមួយគ្រួសារ ៥លានរៀលសម្រាប់ឲ្យពួកគាត់
ដោះស្រាយជីវភាព ម្យ៉ាងវិញទៀតចំពោះគ្រួសារដែលរងផលប៉ះពាល់នៅពេលនេះ រដ្ឋបាលអាជ្ញាធរស្រុកបានជូនដំណឹងដល់ពួកគាត់២ដងរួចមកហើយកាលពីពេលកន្លងមកថ្មីៗនេះឲ្យដូរទីលំនៅថ្មី តែចំពោះគ្រួសារណាដែលទីទ័លក្រ គឺរដ្ឋបាលស្រុកនិងដោះស្រាយតាមដីសម្បទានសង្គមកិច្ចជូនពួកគាត់ ហើយចំពោះគ្រួសារណាដែលមានធូធារឲ្យពួកគាត់រកទីលំនៅថ្មីដោយខ្លួនឯង។

ទន្ទឹមនឹងនោះ លោក ខឹម ចន្ទ័គីរី អភិបាលរងខេត្តមានប្រសាសន៍ប្រាប់Post Newsថា បងប្អូន អាជ្ញាធរពិតជាបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនណាស់ ហើយក៏ធ្លាប់ធ្វើការដោះស្រាយជូនជាបន្តបន្ទាប់ដែរ ហើយក៏បានបញ្ជាឲ្យ ក្រុមហ៊ុនដឹកខ្សាច់មកចាក់ត្រង់កន្លែងដែលបាក់ដើម្បីឲ្យមានជើងទេ កាត់បន្ថយការបាក់បន្តផងដែរ។ ក្នុងនោះខេត្តក៏បានសុំគោលការណ៍ទៅក្រសួងធនធានទឹកដើម្បីធ្វើការជួសជុលកន្លែងដែលបាក់នេះហើយដែរ ប៉ុន្តែ ជាបណ្តោះអាសន្នយើងបានបោះបង្គោលនិងទម្លាក់បាវខ្សាច់ទប់ ដើម្បីកុំឲ្យមានការបាក់ស្រុកបន្តទៀត ដែលនាំឲ្យប៉ះពាល់ដល់បងប្អូនដែលនៅក្បែរតំបន់បាក់ស្រុតនេះ មិនតែប៉ុណ្ណោះលោកអភិបាលរងខេត្ត ក៏បានទទួលយកនូវសំណូមរបស់បងប្អូននិងធ្វើការពិភាក្សាជាមួយក្រសួងរ៉ែនិងថាមពលសិន ថាតើត្រូវមានវិធានការយ៉ាងណានោះ?៕

មតិយោបល់