ព័ត៌មានជាតិ

អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកកម្ពុជា នៅក្នុងសបា្តហ៍នេះ បានបន្តបើក

ភ្នំពេញ: សវនាការសួរដេញដោល លើអង្គហេតុមន្ទីរសន្តិសុខស-២១ក្នុងការជំនុំជម្រះក្តីលើសំណុំរឿង០០២ វគ្គ០២។ សាក្សី សំខាន់ៗចំនួនពីររូប ត្រូវបានកោះហៅ មកផ្តល់សក្ខីកម្មក្នុងនោះមានម្នាក់ជាអតីតគ្រូពេទ្យព្យាបាលអ្នកទោស និងម្នាក់ទៀតជា អតីតឆ្មាំគុកទួលស្លែង។

សាក្សីទាំងពីររូប បានរៀបរាប់យ៉ាងលម្អិតពីដំណើរការ របស់មន្ទីរសន្តិសុខដែល គ្រប់គ្រងដោយកាំង ហ្គេចអ៊ាវ ហៅឌុច នៅក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។

លោក ម៉ក ធីម ជាអតីតគ្រូពេទ្យព្យាបាលអ្នកទោសនៅគុកទួលស្លែង បានជម្រាបអង្គជំនុំជម្រះសាលា
ដំបូងនៃសាលាក្ដីខ្មែរក្រហមថា លោកបានប្រើទឹកអំបិល ដើម្បីលាងរបួសអ្នកទោសដែលត្រូវបានគេធ្វើទារុណកម្ម នៅក្នុងមន្ទីរស-២១។

លោក ម៉ក់ ធីម បានជម្រាប អង្គជំនុំជម្រះថា នៅក្នុងរបបកម្ពុជាប្រជាប្រជាធិបតេយ្យ លោកទទួលបានការបណ្ដុះបណ្ដាលវិជ្ជាពេទ្យនៅតាខ្មៅ។ ក្រោយមក លោកត្រូវបានគេបញ្ជូនឲ្យទៅធ្វើការនៅមន្ទីរស២១ ឬគុកទួលស្លែង មានតួនាទីជាអ្នកលាងរបួសឲ្យអ្នកទោស។

សាក្សីអាយុ ៥៤ ឆ្នាំរូបនេះ បានជម្រាបបន្ថែមទៀតថា ក្នុងអំឡុងពេលលោកធ្វើការនៅគុកទួលស្លែងនោះ ជារៀងរាល់ថ្ងៃ លោកថា មានអ្នកទោស មានរបួសបែកខ្នង នiងអ្នកទោសដែលត្រូវបានគេដកក្រចកដៃជើង ជាច្រើនដែលត្រូវបានគេបញ្ជូនចេញ ពីបន្ទប់សួរចម្លើយដើម្បីឲ្យលោកព្យាបាល។

សាក្សីរូបនេះបន្ដថា ថ្នាំដែលលោកយកទៅលាងរបួស អ្នកទោសទាំងនោះ គឺទឹកអំបិល និងថ្នាំងក្រហមលាងលើរបួស។ សាក្សីបន្ថែមទៀតថា ក្រៅពីប្រើប្រាស់ទឹកអំបិល លោកក៏បានប្រើប្រាស់ថ្នាំគ្រាប់ បេឌូ និងបេអង ដែលលោកថាជាថ្នាំគ្រាប់ ផលិតឡើងដោយកម្មាភិបាលខ្មែរក្រហមខ្លួនឯងនៅតាខ្មៅ សម្រាប់ព្យាបាលអ្នកជំងឺដែលមានអាការៈហើម ស្ពឹក។

សាក្សីរូបនេះបានកត់សម្គាល់ថា ក្នុងរយៈពេលជាងមួយឆ្នាំដែលលោកបានធ្វើជាគ្រូពេទ្យនៅមន្ទីរស-២១នោះ លោកបានលាងរបួសឲ្យអ្នកទោសបានប្រមាណ ១០០ នាក់។
បន្ទាប់ពីស្ដាប់សក្ខីកម្មសាក្សីនេះរូបនេះចប់ នៅរសៀលថ្ងៃអង្គារ និងបន្ដរហូតដល់ថ្ងៃព្រហស្បតិ៍ អង្គជំនុំជម្រះសាលាដំបូងបានបន្ដ ស្ដាប់សក្ខីកម្មសាក្សីថ្មីមួយរូបទៀត ឈ្មោះ ហ៊ីម ហ៊ុយ ជាអ្នកយាមនៅមន្ទីរសន្តិសុខស-២១។

ក្នុងសក្ខីកម្មនៅមុខអង្គជំនុំជម្រះសាលាដំបូង សាក្សីអាយុ៦១ ឆ្នាំរូបនោះ បានជម្រាបអង្គជំនុំជម្រះថា កាលពីដំបូងឡើយ អ្នកទោសនៅមន្ទីរស២១ ត្រូវបានកម្មាភិបាលខ្មែរយកទៅសម្លាប់ និងកប់នៅក្នុងដីទំនេរនៃអគារ ជុំវិញបរិវេណ មន្ទីរស-២១។

លោកបន្ថែមថា ក្រោយមក កម្មាភិបាលខ្មែរក្រហម ក៏នាំយកអ្នកទោសទាំងនៅទីនោះ ទៅសម្លាប់នៅវាលពិឃាតបឹងជើងឯក។ សាក្សីរូបនេះបញ្ជាក់ថា ការសម្លាប់អ្នកទោសទាំងអស់គឺ ឌុច ប្រធានគុកទួលស្លែងជាអ្នកបញ្ជា។ សាក្សីបានឱ្យដឹងថា ឌុចជាអ្នកបង្រៀនកម្មាភិបាលថ្នាក់ក្រោមរបស់ខ្លួន នៅមន្ទីរស-២១ ឬគុកទួលស្លែង ដោយផ្ទាល់ពីរបៀបនៃការសួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់មនុស្ស ដោយការវាយ និងអារក និងកាំបិតត្នោត សម្លាប់ចោល ក្រោយពីវាយឱ្យសន្លប់រួចមក ហើយត្រូវវះពោះ មុននឹងទម្លាក់ចូលរណ្តៅ។

នេះគឺជាការលើក ឡើង របស់សាក្សី ហ៊ឹម ហ៊ុយ នៅអំឡុងពេលផ្តល់សក្ខីកម្មនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៦ នេះពាក់ព័ន្ធទៅនឹងសំណុំ រឿង ០០២/០២ ពាក់ព័ន្ធនឹងអង្គហេតុមន្ទីរសន្តិសុខ ស-២១។ សាក្សីបានថ្លែងថា ឌុច រួមនឹងថ្នាក់ដឹកនាំ គុកទួល ស្លែងបានធ្វើការបង្រៀនដល់កម្មាភិបាលផ្សេងៗក្នុងគុកនេះ។

លោកលើកឡើងថានៅពេលដែល អ្នកទោសត្រូវបានដឹកយកទៅសម្លាប់បឹងជើងឯក ក្រុមឆ្មាំគុកលោកបានប្រាប់អ្នកទោសទាំងនោះថា គឹគ្រាន់តែប្តូរទៅផ្ទះថ្មីតែប៉ុណ្ណោះ។ ការប្រាប់នេះគឺដើម្បីកុំឱ្យអ្នកទោសទាំងនោះមានការភ័យខ្លាច។

សាក្សីបានបន្ថែមថាចំពោះ ក្មេងៗដែលនៅជាប់ និងឪពុកម្តាយរបស់គេត្រូវបានគេយកទៅមុន និងបានកុហកថា យកទៅដាក់កន្លែងកុមារ ប៉ុន្តែ តាមពិតគឺគេយកទៅសម្លាប់ចោលមុន។ សាក្សីរូបនេះបន្ថែមថា ការសម្លាប់មនុស្សនៅវាលពិឃាតបឹងជើងឯកនោះ ប្រព្រឹត្តឡើងដោយ អ្នកទោសត្រូវបានគេវាយនឹងដែកផ្លូវរទេះ បន្ទាប់មក គេបានយកកាំបិតអាករ និងវះពោះ ការពារមិនឲ្យហើមស្អុយ ហើយក្រោយមកទើបបោះចូលក្នុងរណ្ដៅ។

បើតាមការលើកឡើងរបស់សាក្សី ហ៊ឹម ហ៊ុយ ជនបរទេសដែលជាអ្នកទោសត្រូវបានចាប់ខ្លួនមកមន្ទីរសន្តិសុខស-២១ ក្រោយពីសួរចម្លើយហើយត្រូវបានសម្លាប់ចោល។ តាមសាក្សី ហ៊ឹម ហ៊ុយ ឌុចបានបញ្ជាឱ្យយកសាក សពទៅដុតចោល ដោយមិនឱ្យយកទៅកប់ចោលនោះទេ។ អ្នកយាមដែលមានអាយុតិចជាងគេនៅ គុកទួល ស្លែងមានអាយុ ១៥ ឆ្នាំ។

សូមជម្រាបផងដែរថា ដោយសារតែមានការស្នើសុំរបស់ក្រុមមេធាវីការពារក្តីរបស់ នួន ជា អង្គជំនុំជម្រះសាលាដំបូង នឹងផ្អាកដំណើរការសវនាការ លើសំណុំរឿង ០០២/០២ ចាប់ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៦ ហើយ នឹងចាប់ផ្តើមដំណើរការឡើងវិញនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦៕

photo_2016-05-05_21-20-55 photo_2016-05-05_21-20-57

មតិយោបល់