ភ្នំពេញៈ ហុងគ្រីជាប្រទេសដ៏សំខាន់មួយនៅអឺរ៉ុប ហើយមានទំនាក់ទំនងល្អ ជាមួយកម្ពុជា លើគ្រប់វិស័យ ពិសេសវិស័យអប់រំ កសិកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យទេសរណ៍ ត្រូវបានគេមើលឃើញថា មានសន្ទុះគួរឱ្យកត់សម្គាស់ និងចាប់ដៃគ្នាយ៉ាងស្អិតរមួតដើម្បីពង្រីកវិស័យនេះឱ្យកាន់តែមានសក្កដានុពលថែមទៀត តាមរយៈគម្រោងជួយអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធទេសចរណ៍នៅកម្ពុជា ដែលនឹងលេចចេញនូវរូបរាងជាផ្លូវការនៅដើមឆ្នាំ២០១៧ខាងមុខនេះ។
លោក ទិត ចន្ថា រដ្ឋលេខធិការក្រសួងទេសចរណ៍បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបពិភាក្សាការងារ រវាង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកCsaba Ory ឯកអគ្គរដ្ឋហុងគ្រី ដែលមាននិវេសនដ្ឋានប្រចាំទីក្រុងហាយណូយ និងជាស្ថានតំណាងប្រចាំកម្ពុជា នៅថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៦នេះថា “ក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូតបានជម្រាបជូនពីកិច្ចសហការលើវិស័យទេសចរណ៍ ដែលប្រទេសហុងគ្រីដែលបាននិងកំពុងសិក្សា លើគ្រោងជួយរៀបចំអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធទេសចរណ៍សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។ គម្រោងនេះបានរៀបចំសិក្សារួមគ្នាមួយរយៈរួចមកហើយនូវលក្ខណៈបច្ចេកទេស ដែលបានផ្តោតទៅលើខេត្តបាត់ដំបងជាគោលដៅនៃការសិក្សារបស់ក្រុមបច្ចេកទេស ព្រោះមានសក្កដានុ ដូចជាបឹងទន្លេសាប និងជាខេត្តបេតិកភណ្ឌទេសចរណ៍ ដែលតភ្ជាប់ទៅព្រំដែនប្រទេសថៃនិងតភ្ជាប់ជាមួយខេត្តសៀមរាបអង្គរជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តដ៏សម្បូរបែបរបស់កម្ពុជា”។
លោក ទិត ចន្ថា បន្តថា គម្រោងផែនការនេះបើសិនរាជរដ្ឋាភិបាលគាំទ្រនិងសម្រេចនោះ វានឹងជួយឱ្យមានការអភិវឌ្ឍន៍ផ្នែកហេដ្ឋរចនាសម្ព័ន្ធតំបន់ទេសចរណ៍ក្នុងខេត្តបាត់ដំបងកាន់តែ ប្រសើរថែមទៀត ដើម្បីជំរុនការអភិវឌ្ឍន៍ជារួមរបស់កម្ពុជា។
លោករដ្ឋលេខាធិការបញ្ជាក់ថា ក្នុងពេលនោះដែលលោករដ្ឋមន្រ្តី បានស្នើហុងគ្រី ឱ្យជួយបណ្តុះបណ្តាលធនធានមនុស្សលើវិស័យទេសចរណ៍ ព្រោះហុងគ្រីមានការអភិវឌ្ឍន៍ល្អផ្នែកវិស័យទេសចរណ៍ តាមរយៈផ្តល់ជាអាហារូបករណ៍ដោយបញ្ជូនមន្រ្តីក៏ដូចជាផ្នែកឯកជនពាក់ព័ន្ធទៅសិក្សាទេសចរណ៍នេះ។ ជាមួយនោះភាគីហុងគ្រីបានទទួលយកនូវសំណើរនេះទៅសិក្សាលម្អិតបន្ថែមទៀត នឹងផ្តល់ជាការបរិច្ឆេទជាក់លាក់នៅពេលក្រោយ៕
មតិយោបល់