ព័ត៌មានជាតិ

កម្លាំងនគរបាលជាង ១០០នាក់ ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ចំនួន៥៥ខ្នង ដែលរងគ្រោះដោយ ខ្យល់កន្រ្តាក់

បន្ទាយមានជ័យ: ផ្ទះប្រជាពលរដ្ឋ ចំនួន៥៥ខ្នង ត្រូវបាន លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ តាមរយៈលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានបញ្ជា និងដឹកនាំកម្លាំងប្រមាណជាង ១០០នាក់ ចុះជួយជួសជុលឡើងវិញ ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក កាលពីថ្ងៃទី០៥ ឧសភា ២០១៦នេះ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមានការណែនាំពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោកបានបញ្ជា និងដឹកនាំនគរបាល រួមមាន៖ នគរបាលស្រុកអូរជ្រៅ, នគរបាលវរៈការពារព្រំដែន និងនគរបាស្រុកថ្មពួក សរុប ប្រមាណជាង១០០នាក់ ក្នុងនោះក៏មានការចូលរួមពីសំណាក់លោក សាន ស៊ានហូ អភិបាលស្រុកអូរជ្រៅ និងមន្ត្រីមួយចំនួនផងដែរ។ លោក បានបន្ដថា ការចុះប្រតិបត្តិការ ជួយជួសជុលផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៃដើមខែឧសភា ២០១៦ ដែលមានចំនួនសរុប ៥៥ ខ្នង។

លោក បានបន្តទៀតថា មិនមែនមានផ្ទះប្រជាពលរដ្ឋ ប៉ុណ្ណោះទេ ដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ពោលគឺវត្តអារាម ក៏ត្រូវបានខ្យល់កន្ត្រាក់ ធ្វើឲ្យប៉ើងដំបូលសាលាឆាន់ និងកុដិ មួយចំនួន។ ជាមួយ និងការចុះជួយនេះដែរ លោក ក៏បានឧបត្ថម្ភនូវស័ង្កសី និងដែកគោល មួយចំនួនដល់ពលរដ្ឋមានជីវភាពខ្វះខាត ផងដែរ។ ជាលទ្ធផលមួយចំនួន នៃផ្ទះរងការខូចខាត ត្រូវបានជួសជុលរួចរាល់ ដោយឡែកមួយចំនួនទៀតកំពុងរងចាំសំភារៈ ដើម្បីធ្វើការជួសជុល៕

FullSizeRender (1) IMG_0209 IMG_0214

មតិយោបល់