ភ្នំពេញ៖ គេនៅចាំបានថា កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ មានក្មេងម្នាក់បានគ្រោះថ្នាក់ដោយជណ្តើរយន្តនៅផ្សារទំនើបស្ទឹងមានជ័យ ធ្វើឲ្យបាក់ជើងខាងឆ្វេង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិក្នុងអគារវះកាត់។
ប៉ុន្តែរឿងកាន់តែកម្សត់ ពីក្មេងគ្រោះថ្នាក់ដោយជណ្តើរយន្ត កុមារា ថុល សុនីអាយុ ៨ឆ្នាំ មានដើមទងស្តាប់ហើយរំជួលចិត្ត ស្ទើរតែស្រក់ទឹកភ្នែក ។
ថុល សុនី កាលពីនៅតូចៗអាយុប្រហែល ១ ទៅ២ឆ្នាំ ត្រូវបានម្តាយយកមករើសអេតចាយនៅក្រុងភ្នំពេញ ដោយម្តាយដាក់លើរទេះរុញ ។នេះបើតាមសម្តីម្តាយ ថុល សុនី បានប្រាប់។
ម្តាយកុមារាថុល សុនី ថា មិនត្រឹមតែ កូនខ្លួនទាំងពីរទាំងបី ដាក់លើរទេះរុញនោះទេ សូម្បីតែប្តីខ្លួនក៏ដាក់លើរទេះរុញដែរ ដោយប្តីខ្លួនជាជនពិការ ចឹងរទេះអ្នកស្រីរុញ អូសដោយខ្លួនឯងដើម្បីរើសអេតចាយ។
ម្តាយថុល សុនីថា ដោយសារតែអ្នកស្រីមានបញ្ហាសុខភាព មហារីស្បួន ដោយត្រូវដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ហើយទុកកូនចោលនៅឯស្រុកកំណើត ភូមិមានជ័យ ឃុំកោះចេក ស្រុកពាមជ័រ ខេត្តព្រៃវែង ទាំងបីនាក់ ដោយគ្មានសាច់ញាតិមើលថែនោះទេ រយៈពេល កន្លះខែ។
ទំនងដោយនឹកម្តាយផងនោះ កុមារ ថុល សុនី រួមទាំងបងប្អូន ២នាក់ទៀត បានខ្ចីកង់គេ ជិះមកដល់ភ្នំពេញ ដែលគិតជាចម្ងាយ ប្រហែល៧០ គីឡូម៉ែត្រ មកកាន់ទីក្រុងភ្នំពេញ។ ដោយស្វះស្វែងរកម្តាយមិនឃើញ នោះថុល សុនី នឹងបងប្អូន បានចូលទៅកាន់ផ្សារទំនើបស្ទឹងមានជ័យ រហូតដល់ជួបគ្រោះថ្នាក់ បណ្តាលឲ្យបាក់ជើងឆ្វេងតែម្តង ធ្វើឲ្យកក្រើកពេញផ្ទៃប្រទេស។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅផ្សារអូឡាំពិក ក៏មានករណីដូចគ្នាដែរ ដោយមានក្មេងម្នាក់ បានជាប់នឹងជណ្តើរយន្តនេះ៕
មតិយោបល់