ព័ត៌មានជាតិ

មុខសញ្ញាឆក់ប្លន់ប្រដាប់អាវុធ យ៉ាងសកម្ម កណ្តាលក្រុងភ្នំពេញ ត្រូវអស់ល័ក្ខ នៅខេត្តព្រះសីហនុ

ព្រះសីហនុ: មុខសញ្ញាឆក់ប្លន់ ប្រដាប់អាវុធ យ៉ាងសកម្ម នៅរាជធានីភ្នំពេញ មិនញញើតញញើម មន្ត្រីមានសមត្ថកិច្ច លុះចិត្តឆើត រៀបគម្រោងផែនការ បម្រុងប្លន់នៅក្នុងទឹកដី នៃខេត្តព្រះសីហនុ បន្តទៀត ត្រូវសម្ថកិច្ចបក្របួចបាន នៅថ្ងៃទី០៥ ឧសភា នេះ ខណៈកម្លាំងជំនាញ នគរបាលស្នងការ ខេត្តព្រះសីហនុ បានឃាត់ខ្លួន នូវមុខសញ្ញាសង្ស័យ ២នាក់ ទៀតផង។

មន្ត្រីមានសមត្ថកិច្ច បានឱ្យ Post News ដឹងថា មុខសញ្ញាសង្ស័យ ២នាក់ ក្នុងនោះ ទី១ ឈ្មោះ ឯម បញ្ញារិទ្ធ ភេទ ប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅក្រុមទី៨ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្សសាលា និងទី២ ឈ្មោះ ហង្ស ឧត្តម ភេទ ប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ សង្កាត់បឹងកក់២ ខ័ណ្ឌទួលគោករាជធានីភ្នំពេញ មុខរបរជាសិស្សសាលា ដូចគ្នា។

តាមការបញ្ជាក់ឲ្យដឹង ពីលោក ជួន ណារិន្ទ ឧត្តមសេនីយ៍ទោ ស្នងការនគបាល ខេត្តព្រះសីហនុ បានប្រាប់ ភ្នាក់ងារយើងថា ជនសង្ស័យទាំង ២នាក់ ត្រូវឃាត់ខ្លួនបាន កាលពីថ្ងៃ០៤ ឧសភា ២០១៦ វេលាម៉ោង០៥ កន្លះ ល្ងាច ក្នុងសង្កាត់៤ ជិតរង្វង់មូល តោ២ ឯណោះ។ ដកហូតបានវត្ថុតាង រួមមាន អាវុធខ្លី ចំនួន ៣ដេីម ម៉ាក ប៉េអាកុល ចំនួន ១១៨គ្រាប់ និងគ្រាប់ឃ្លីប្រភេទបាញ់ខ្យល់ មួយចំនួន កាំភ្លើង ម៉ាក រ៉ូឡូ ចំនួន៤៣គ្រាប់ (គ្រាប់វ៉ាន់ឌឺឡុង) និងទី៣ អាវុធបាញ់ឆក់ មានឡាសែ មានក្បាលឆក់៣ រួមទាំង ឌុយសាក១ ទៀតផង ដោយដកហូត រថយន្ត ១គ្រឿង ម៉ាកតូយូតា កូរូឡា ពណ៌ស ព្រមជាមួយ ទូរស័ព្ទដៃ ចំនួន ៥គ្រឿង។

តាមចម្លើយសារភាព គឺក្រុមខ្លួន ធ្លាប់ឆក់ប្រដាប់អាវុធ បានសម្រេច ចំនួន ១២លើក នៅរាជធានីភ្នំពេញ និងនៅសល់បក្សពួករត់រួច ចំនួន ២នាក់ទៀត។ ភ្លាមៗ ជនសង្ស័យទាំង ២នាក់ ខាងលេី ជាមុខសញ្ញាធ្លាប់ធ្វេីសកម្មភាពឆក់ និងប្លន់ប្រដាប់អាវុធ នៅរាជធានីភ្នំពេញ ដែលមានគំរោងមកខេត្តព្រះសីហនុ ក្នុងគោលបំណងធ្វេីសកម្មភាពឆក់ប្លន់ប្រដាប់អាវុធ តែត្រូវបានកម្លាំងជំនាញ ទប់ស្កាត់ និងឃាត់ខ្លួន បានទាន់ពេល តែម្តង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កំពុងរៀបចំ ប្រគល់ជូនកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីបន្តតាមនីតិវិធី ផងដែរ៕

photo_2016-05-06_01-23-51 photo_2016-05-06_01-23-54 photo_2016-05-06_01-23-57 photo_2016-05-06_01-24-00

មតិយោបល់