ព័ត៌មានជាតិ

កាត់ទោសបុរសកុងហ្គោ២នាក់ រឿងប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយបើកគណនីនៅធនាគារលាងលុយខ្មៅនៅកម្ពុជា

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦នេះ លោក អ៊ី ឋាវរៈ ប្រធាន​ក្រុ​មប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសបុរសជនជាតិ កុងហ្គោ ២នាក់ ពាក់ព័ន្ធសំណុំរឿង ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ដើម្បីបើកគណនីធនាគារនៅក្នុងប្រទេសកម្ពុជា ទទួលលុយខ្មៅពីបរទេស។

ជនជាប់ចោទទី១ឈ្មោះ Emmanel Ngoma Ngoma CoCo ភេទប្រុស អាយុ៤៩ឆ្នាំ និងទី២ឈ្មោះ Juniro Bin Mungomba ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវបានលោក ស្រីម៉ាកនី តំណាងអយ្យការចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារក្លែង ប្រព្រឹត្ត​នៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ ដល់២០១៦ យោងតាមមាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការនាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦នេះ ជនជាប់ចោទទាំង២នាក់បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ដោយពួកគេបានធ្វើតាមការបញ្ជារបស់ឈ្មោះ ម៉ាទីន និងឈ្មោះ បាលី។ ពួកគេបន្តថា ពួកគេបានប្រើប្រាស់លិខិត​ឆ្លងដែនក្លែងក្លាយដែលឈ្មោះ ម៉ាទីន និងឈ្មោះ បាលី ផ្ញើមកពីបរទេសតាមរយៈក្រុមហ៊ុន DHL ទៅបើកគណនីនៅធនាគារ ABA ធនាគារស្ថាបនា និងធនាគារមួយចំនួនទៀតជាច្រើនដង ដើម្បីទទួលលុយពីឈ្មោះ ម៉ាទីន និងឈ្មោះ បាលី ផ្ញើមិពីបរទេស ដោយពួកគេទទួលបានកម្រៃជើងសារចំនួន ៥ភាគរយក្នុងការបើកលុយម្តងៗ។

លោក ធូ សារឿន មន្ត្រីនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានថ្លែងថា ក្រោយសមត្ថកិច្ចស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនជនជាប់ចោទទាំង២នាក់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ សមត្ថកិច្ចបានរកឃើញថា ក្រុមជនជាប់ចោទជាក្រុមឧក្រិដ្ឋជនលាងលុយខ្មៅនៅក្នុងប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។

សំណុំរឿងនេះ ត្រូវតុលាការលើកពេលទៅប្រកាសក្រមនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ខាងមុខ៕

https://youtu.be/RzDChbnYDsE

មតិយោបល់