ព័ត៌មានជាតិ

រវល់ចុចទូរសព្ទ ជ្រុលចង្កូតទៅបុកឃឿនរង្វល់មូលព្រហ្មមុខ៤ រងការខូចខាត

ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្តម៉ាកកាមរីបាឡែន ក្នុងល្បឿនលឿន រវល់តែចុចទូរសព្ទភ្លេចមើលមុខ ក៏ជ្រុលចង្កូតទៅបុកឃឿនរង្វល់មូលព្រហ្មមុខបួននៅជ្រោយចង្វារត្រើយខាងកើត បណ្ដាលឲ្យរងការខូចខាតទាំងរថយន្តបង្ក និងឃឿនរង្វង់មូល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចរង្វង់មូលព្រហ្មមុខបួន ជ្រោយចង្វារត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

បើតាមសម្ដីម្ចាស់រថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ស គ្មានស្លាកលេខ ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តមកពីម្ដុំអូទែលសុខា ទិសដៅពីត្បួងមកជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ដោយសារតែរូបគាត់រវល់តែចុចទូរសព្ទភ្លេចមើលមុខ ក៏ជ្រុលចង្កូតទៅបុក រង្វល់មូលព្រហ្មមុខបួននៅជ្រោយចង្វារត្រើយខាងកើត បណ្ដាលឲ្យឃឿនរង្វង់មូលចំនួន៣កង់ រួមទាំងបុកកិនដើមផ្កាមួយដើមថែមទៀត បណ្ដាលឲ្យរងការខូចខាត។ ដោយឡែករថយន្តបង្ក បានបែកកង់មុខផ្នែកខាងឆ្វេង ត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ទាន់ពេលវេលា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន បានទំនាក់ទំនងទៅជំនាញចុះធ្វើការវាស់វែង និងនាំយករថយន្តបង្កនិងម្ចាស់ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់