ព័ត៌មានជាតិ

ចាងហ្វាងកាសែតអន្តរាគមន៍ យកដុំឥដ្ឋវាយក្បាលប្រពន្ធ ត្រូវសមត្ថកិច្ចចាប់ខ្លួន

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ព្រែកតាកូវ ធ្វើការចាប់ខ្លួន ក្រោយពីជនសង្ស័យរូបនេះ បានបង្កហិង្សា យកកំសៀវទឹកទៅលើប្រពន្ធ រួចយកដុំឥដ្ឋវាយសំពងក្បាលប្រពន្ធបណ្តាលឲ្យបែក ដេរចំនួន៦ថ្នេរ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិ ព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះមានឈ្មោះ មឿង នាង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរចាងហ្វាងកាសែតអន្តរាគមន៍ ស្នាក់នៅភូមិកើតហេតុខាងលើ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ ផាន់ សុខលី ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមេផ្ទះ របួសក្បាលដេរ៦ថ្នេរ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា កន្លងមកជនសង្ស័យជាប្តីធ្លាប់ប្រើអំពើហិង្សាក្នុងគ្រួសារដោយបានវាយដំមកលើជនរងគ្រោះជាប្រពន្ធជាញឹកញាប់។ លុះនៅថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ស្រែកប្រាប់ជនរងគ្រោះជាប្រពន្ធឲ្យបើកភ្លើង តែជនរងគ្រោះមិនព្រមបើក ក៏មានទំនាស់ពាក្យសម្តីគ្នាកើតហេតុ រហូតជនសង្ស័យជាប្តី បានយកកំសៀវ វាយទៅលើជនរងគ្រោះ រួចស្ទុះយកដុំឥដ្ឋមកវាយចំក្បាលជនរងគ្រោះជាប្រពន្ធចំចំហៀងខាងឆ្វេង បណ្តាលឲ្យបែកហូរឈាមសន្លប់បាត់ស្មារតី ត្រូវបានបងប្អូន បញ្ជូនមកមណ្ឌលសុខភាពឃុំព្រែកតាកូវ ។ លុះដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកតាកូវ ទើបកម្លាំងប៉ុស្តិ៍ចុះឃាត់ខ្លួនជនសង្ស័យជាប្តីតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់