ព័ត៌មានជាតិ

ផ្ទះថ្មប្រក់សង្កសី ហាមឃាត់មិនស្តាប់ ទីបំផុត វាយកម្ទេចចោល

បន្ទាយមានជ័យ:អាជ្ញាធរក្រុង និងសង្កាត់ប៉ោយប៉ែត នៅព្រឹកថ្ងៃទី០៥ ឧសភា នេះ បានដឹកនាំកម្លាំងប្រជា ការពារភូមិ ជាច្រើននាក់ មកពីគ្រប់ភូមិក្នុងក្រុង បម្រុងចុះទៅរុះរើ ផ្ទះថ្មប្រក់សង្កសី ទទឹង 6×20ម៉ែត្រ លើដីអតីតទំនប់ ក៥ ជាប់របងកាស៊ីណូផ្កាយ៥ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត បន្ទាប់ពីធ្វើការហាមឃាត់ ជាច្រើនដង ម្ចាស់សំណង់ នៅតែបំពានសាងសង់។

មន្ត្រីមានសមត្ថកិច្ច បានឱ្យ Post News ដឹងថា ផ្ទះថ្មប្រក់សង្កសី ខាងលើ ម្ចាស់ឈ្មោះ ហួត ដារ៉ា អាយុ ៤៧ឆ្នាំ ប្រពន្ធឈ្មោះ សៅ ស្រីម៉ៅ អាយុប្រហែល ៤០ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុ។ ដំបូងអាជ្ញាធរ អះអាងថា ប្រុងរុះរើ ហើយរឹបអូស យកវត្ថុតាង ទៅរក្សាទុក ប៉ុន្តែដោយសារម្ចាស់សំណង់ បានព្យាយាមសុំសម្រុះសម្រួលរុះរើ ដោយខ្លួនឯង ទើបអាជ្ញាធរ សុខចិត្តឲ្យម្ចាស់សំណង់ រុះរើខ្លួនឯង ហើយប្រជាការពារភូមិ ជាអ្នកជួយរុះរើជាមួយ ដោយអាជ្ញាធរ មិនរឹបអូសយកវត្ថុតាងទេ។

លោក អាំង គីហេង ចៅសង្កាត់ប៉ោយប៉ែត ប្រាប់ភ្នាក់ងារយើងថា សំណង់មួយនេះ កន្លងមក អាជ្ញាធរ បានមកហាមឃាត់ការសាងសង់ ជាបន្តបន្ទាប់ តែម្ចាស់សំណង់ មិនស្តាប់តាមកាណែនាំ ទើបថ្ងៃនេះ អាជ្ញាធរ ចុះមកឲ្យរុះរើតែម្តង។ លោកចៅសង្កាត់ បន្តថា ជាគោលការណ៌អាជ្ញាធរសង្កាត់ បានទទួលការចង្អុលបង្ហាញ ពីអាជ្ញាធរក្រុង និងខេត្ត ឲ្យចុះទប់ស្កាត់ នៅសំណង់មិនរៀបរយថ្មី ហើយណែនាំដល់ប្រជាពលរដ្ឋ តាមមូដ្ឋាន ឲ្យបានយល់ដឹង ពីការសាងសង់សំណង់ផ្សេងៗ ត្រូវបញ្ជៀសយ៉ាងណា ឲ្យផុតពីផលប៉ះពាល់ដីចំណីផ្លូវ ឬដីសាធារណៈរបស់រដ្ឋ ដោយលោកបញ្ជាក់ថា បើមិនទប់ស្កាត់ទេ ទៅថ្ងៃអនាគត នឹងមានបញ្ហាច្រើន ពិបាកក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

អាជ្ញាធរអះអាងថា នឹងចាត់វិធានការជាបន្តបន្ទាប់ ដោយមិនរើសមុខ លើសំណង់ទាំងឡាយណា ដែលសាងសង់ បំពានលើដីចំណីផ្លូវ ឬដីសាធារណៈរបស់រដ្ឋ ប្រសិនបើម្ចាស់សំណង់ នៅតែរឹងទទឹង មិនស្តាប់ការណែនាំ ចាប់ពីពេលនេះទៅ។ យ៉ាងណាក៌ដោយ ចំពោះវិធានការខាងលើ ត្រូវម្ចាស់សំណង់ លើកឡើងថា សុំឲ្យការអនុវត្តន៌នេះ អាជ្ញាធរធ្វើឡើងជាទូទៅ កុំធ្វើតែចំពោះបុគ្គល ព្រោះសំណង់ប៉ះពាល់លើដីចំណីផ្លូវ មានច្រើនកន្លែង ក្នុងក្រុងប៉ោយប៉ែតនេះ។ ប្រភពពីមន្រ្តីសាលាក្រុងមួយរូប បង្ហើបថា វិធានការលើសំណង់ប៉ះពាល់ដីចំណីផ្លូវ ឬដីសាធារណៈរបស់រដ្ឋ នាពលអនាគត ក្រសួង នឹងមានវិធានការ ដោយមិនលើកលែងឡើយ។ មិនតែប៉ុណ្ណោះ មន្ត្រីដដែលនេះ បង្ហើបថា សូម្បីតែ កាស៊ីណូ នៅបន្ទាត់ព្រំដែន ក្រុងប៉ោយប៉ែត ក៏ត្រូវបានក្រសួងនគរដែនដីរូបណីយកម្ម និងសំណង់ ធ្វើលិខិតអញ្ជើញ ដើម្បីសួរនាំទៀតផង៕

photo_2016-05-06_02-05-28 photo_2016-05-06_02-05-33 photo_2016-05-06_02-05-38 photo_2016-05-06_02-05-42 photo_2016-05-06_02-05-50 photo_2016-05-06_02-05-56 photo_2016-05-06_02-06-00 photo_2016-05-06_02-06-04 photo_2016-05-06_02-06-08 photo_2016-05-06_02-06-12 photo_2016-05-06_02-06-15

មតិយោបល់