ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង០០នាទីយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធតមួយកើតឡើង ដោយម៉ូតូ១គ្រឿងឈប់ឲ្យរថយន្តឆ្លងផ្លូវ ត្រូវរថយន្ត១គ្រឿងទៀត បើកមកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យប៉ើងទៅចូលក្រោមរថយន្តកុងតឺន័រ។
រថយន្តបង្កម៉ាក កាមរីស្លាម ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2K-3600 បង្កហេតុរួចរត់គេចខ្លួនបាត់។
ម៉ូតូជនរងគ្រោះម៉ាក ស្កុបពី ស៊េរីឆ្នាំ២០២០ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1HK-8418 អ្នកស្លាប់មានឈ្មោះ ឈាន ពុទ្ធា អាយុ ៣៥ឆ្នាំ មុខរបរ ជាមន្ត្រីប៉ូលិស ស្នាក់នៅភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ម្នាក់ទៀតឈ្មោះ គុណ ប៊ុនថន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងកាត់សក់ រងរបួសធ្ងន់។
រថយន្តបើកបត់ឆ្លងផ្លូវម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3E-4065 ជាប្រភេទអូសទូកុងតឺន័រ អ្នកបើកបរមិនស្គាល់ឈ្មោះ ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកខាងលើ ជិះគ្នា ២នាក់ ធ្វើដំណើរពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ បានឈប់ឲ្យរថយន្តកុងតឺន័របត់ឆ្លងផ្លូវ ស្រាប់តែមានរថយន្តម៉ាក កាមារី បើកក្នុងល្បឿនយ៉ាងលឿន មកបុកពីក្រោយម៉ូតូជនរងគ្រោះ បណ្ដាលឲ្យប៉ើងបោកចូលទៅក្រោមរថយន្តកុងតឺន័រ មនុស្សស្លាប់ និងរងរបួសធ្ងន់ ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចចុះដល់ទីតាំង ទំនាក់ទំនងទៅរថយន្តសាមុយ ដឹកជនរងគ្រោះទៅសង្រ្គោះបន្ទាន់ ប៉ុន្តែដោយរបួសធ្ងន់ពេក ជនរងគ្រោះម្នាក់បានដាច់ខ្យល់ស្លាប់តាមផ្លូវ ។
សូមបញ្ជាក់៖ ករណីនេះ សមត្ថកិច្ចជំនាញខណ្ឌ និងប៉ុស្តិ៍ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់