ព័ត៌មានជាតិ

លួចឆ្កឹះសោទ្វារផ្ទះវេរលុយ Wing សមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍ឫស្សីកែវ និងប្រជាការពារសង្កាត់ឫស្សីកែវចាប់វាយខ្នោះ ខណៈរូបគេកំពុងតែធ្វើសកម្មភាពលួចឆ្កឹះសោទ្វារកន្លែង វេរលុយ Wing កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម១៣ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ធូ ដាវី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ចំណែកម្ចាស់ផ្ទះឈ្មោះ ម៉ី ឆៃអៀង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ បើកវេតលុយ Wing មានទីលំនៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍ក្នុងមូលដ្ឋានបានជិះល្បាត ដើម្បីការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ ខណៈពេលកំពុងជិះល្បាតមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបានប្រទះឃើញជនសង្ស័យម្នាក់ កំពុងតែធ្វើសកម្មភាពលួចឆ្កិះសោទ្វារកន្លែង វេរលុយ Wing។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចយើង ក៏បានធ្វើការឃាត់ខ្លួន នឹងឆែកឆេររកឃើញដែកសម្រាប់ឆ្កឹះសោចំនួន២ ហើយក៏បានឃាត់ខ្លួនយកមកសាកសួរបន្តនៅប៉ុស្តិ៍នគរបាលឫស្ស៊ីកែវ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមផ្លូវច្បាប់៕

https://youtu.be/hZHFLyRer2E

មតិយោបល់