ភ្នំពេញៈ ក្រោយពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់រយៈពេល៦ខែ បានចាប់ផ្តើមកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧នេះ គិតត្រឹមថ្ងៃទី៤ ខែមករា ពោលគឺមានរយៈពេល ៤ថ្ងៃ យ៉ាងហោយណាស់មានជនសង្ស័យប្រមាណជាង១០០នាក់ មកពី៤ខណ្ឌ នៃរាជធានីភ្នំពេញ ដែលក្នុងនោះភាគច្រើនជាបទល្មើសគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នឹងបញ្ជូនមកតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី។
យោងតាមប្រភពពីសមត្ថកិច្ចមកពី៦ខណ្ឌ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ ជនសង្ស័យសរុប១១៣នាក់ ត្រូវបានបញ្ជូន នឹងត្រៀមបញ្ជូនមកតុលាការ ដែលរួមមាន ៖
1- ខណ្ឌដង្កោ ចំនួន ២២ នាក់
2- ខណ្ឌជ្រោយចង្វា ចំនួន ១៦នាក់
3- ខណ្ឌសែនសុខ ចំនួន ២៦នាក់
4- ខណ្ឌច្បារអំពៅ ចំនួន ១៦នាក់
5- ខណ្ឌដូនពេញ ចំនួន ៤នាក់
6- ខណ្ឌឫស្សីកែវ ចំនួន ២៩នាក់
ដោយឡែកខណ្ឌចំនួន៦ទៀតនៃរាជធានីភ្នំពេញ នៅមិនទាន់មានឃើញបញ្ជូនជនសង្ស័យ គ្រឿងញៀនយ៉ាងគគ្រឹកគគ្រេងមកតុលាការបែបនេះនៅឡើយទេ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ មានជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនមួយចំនួន ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ខណៈមួយចំនួនទៀត ត្រូវបញ្ជូនទៅមណ្ឌលកែប្រែផ្តាច់សារធាតុញៀន និងមួយចំនួននទៀត ត្រូវបានតំណាងអយ្យការអនុញ្ញាតឱ្យទៅផ្ទះវិញ។
សូមបញ្ជាក់ថា យុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់រយៈពេល៦ខែ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដាក់ចេញកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់អនុវត្ត សំដៅរក្សាបាននូវកិត្តិយសល្អ ដល់ប្រទេសកម្ពុជា ដែលមិនមែនជាប្រទេសផលិតគ្រឿងញៀន ឬប្រភពនៃគ្រឿងញៀននោះទេ ប៉ុន្តែគ្រឿងញៀនត្រូវបានលួចនាំចូលតាមច្រករបៀងតាមបណ្តោយព្រំដែនភាគឦសាននៃប្រទេស៕
https://youtu.be/3M9xgWwsDxk
មតិយោបល់